ព័ត៌មានជាតិ

ជនសង្ស័យមួយក្រុមធ្វើសកម្មភាព ភ្ជង់ប្លន់យកម៉ូតូមួយគ្រឿង ទៅបាត់ដោយសុវត្តិភាព ទាំងព្រលឹមអុរ

ភ្នំពេញ: ស្រ្តីម្នាក់ជាកម្មកកររោងចក្រ ត្រូវបានជនសង្ស័យមួយក្រុមមាន គ្នា៦នាក់ ជិះម៉ូតូ៣គ្រឿង តាមកៀររួចដកកាំភ្លើងខ្លីភ្ជង់ ប្លន់យកម៉ូតូC125មួយគ្រឿង បានសម្រច រួចជិះគេចទៅបាត់ដោយសុវត្តិភាព កាលពីវេលាម៉ោង៥និង៤០ នាទីព្រឹក ថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវទំនប់កប់ស្រូវ ភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

ស្រី្តរងគ្រោះមាន ឈ្មោះ ហង្ស ធីតា អាយុ៣៣ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅ ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

បើតាមការរៀបរាប់ ពីស្រ្តីរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ ខ្លួនជិះម៉ូតូមួយគ្រឿង
ម៉ាក ហុងដា សេ១២៥ សេរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BR – 6568 តាមផ្លូវទំនប់កប់ស្រូវ ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមមានគ្នា៦នាក់ ជិះម៉ូតូ៣គ្រឿង តាមពីក្រោយហើយកៀរឲ្យនាងឈប់ មានម្នាក់ ដកកាំភ្លើងខ្លី ភ្ជង់គំរាម ប្លន់យកម៉ូតូ រួចនាំគ្នាជិះគេចបាត់ស្រមោលអស់ ។

ក្រោយកើតហេតុ ទើបផ្អើលដល់ប្រជាពលរដ្ឋ រួចស្ត្រីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍នគរបាលសំរោងក្រោម ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរក ៕

Capture

មតិយោបល់