ព័ត៌មានជាតិ

រថយន្តបុកម៉ូតូបណ្ដាលឲ្យទៅបុកម៉ូតូមួយគ្រឿងទៀត ស្លាប់មនុស្សម្នាក់ និងរងរបួសធ្ងន់ស្រាល ៣នាក់

ព្រះសីហនុ: កាលពីវេលាម៉ោង ៥និង៣៥នាទីល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២០០-២០១ ស្ថិតនៅភូមិអូរតាសេក ឃុំអូរឧញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ។

ដំណើររឿង: បង្កដោយម៉ូតូ ០១គ្រឿងម៉ាក HONDA C១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 1I-5067 អ្នកបើកបរឈ្មោះ ស្មាន សាភីអ៊ី ភេទប្រុស អាយុ ២៤ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ) មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានអ្នករួមដំណើរចំនួន ០២នាក់៖ ១-ឈ្មោះ សង សុភក្តី ភេទប្រុស អាយុ ២២ឆ្នាំ (រងរបួសធ្ងន់) មុខរបរ កម្មកររោងចក្រ មានទីលំនៅដូចអ្នកបើកបរ។ ២-ឈ្មោះ មិនស្គាល់អត្តសញ្ញាណ (រងរបួសធ្ងន់) ភេទប្រុស មានទិសដៅពី តំបន់សេដ្ឋកិច្ចពិសេសបិតត្រាង ឆ្ពោះទៅ ឃុំទួលទទឹង លុះដល់ចំណុចខាងលើបានវ៉ាជែងម៉ូតូ ០១គ្រឿង បន្ទាប់មកក៏មានរថយន្ត ០១គ្រឿង មិនស្គាល់អត្តសញ្ញាណ ទិសដៅផ្ទុយគ្នា អ្នកបើកបរម៉ូតូគេចចូលវិញមិនផុតក៏ត្រូវរថយន្តនោះបុកចំកន្ទុយម៉ូតូ បណ្ដាលឲ្យខ្ទាតទៅបុកម៉ូតូ ០១គ្រឿងទៀតម៉ាក HONDA C១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1I-4640 អ្នកបើកបរឈ្មោះ តេង ណាច ភេទប្រុស អាយុ ៣៤ឆ្នាំ ដឹកប្រពន្ធឈ្មោះ កែវ ឆេម អាយុ ២៨ឆ្នាំ (រងរបួសស្រាល) អ្នកទាំងពីរមានមុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទិសដៅស្របគ្នា បណ្តាលឲ្យស្លាប់មនុស្សម្នាក់ និងរងរបួសមនុស្សចំនួន ៣នាក់ស្រី ១នាក់។

ក្រោយពេលកើតហេតុរថយន្តបង្កបើករត់គេចបាត់ស្រមោល វត្ថុតាងយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រុកព្រៃនប់ ចំណែកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលមន្ទីរពេទ្យ ចំពោះឈ្មោះ តេង ណាច អ្នកបើកបរម៉ូតូ C១២៥ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1I-4640 នាំមកសាកសួរមកនៅប៉ុស្តិ៍រដ្ឋបាលឃុំអូរឧញ្ញ៉ាហេង ៕

មតិយោបល់