ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ករណីហិង្សាដោយចេតនា

កណ្ដាល: ជនសង្ស័យ​ម្នាក់​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​កៀនស្វាយ​ចាប់ខ្លួន​ ករណី​ហិង្សា​ដោយ​ចេតនា​ ដើម្បី​យក​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ។​ ករណី​ចាប់ខ្លួន​នេះ​ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​ ១៥​និង​១០​នាទី​ ថ្ងៃ​ទី​៥​ ខែមេសា​ ឆ្នាំ​២០២០​ ស្ថិត​នៅ​ក្នុង​ ភូមិ​រាំង​ដេក​២​ ឃុំ​គគីរ​ធំ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​ ។​

ជនសង្ស័យ​ចាប់ខ្លួន​ឈ្មោះ​ សន​ សុង​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កសិករ​។
​ជន​រង​គ្រោះ​ឈ្មោះ​ សម្បត្តិ​ ល​ក្ខ័​ ភេទ​ស្រី​ អាយុ​ ៤៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កសិករ​ ។​
ជនសង្ស័យ​និង​ជន​រង​គ្រោះ​មាន​ទីលំនៅ​ភូមិ​រាំង​ដេក​២​ ឃុំ​គគីរ​ធំ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​ ។​

ដំណើររឿង៖ នៅ​ថ្ងៃ​កើតហេតុ​ ជន​រង​គ្រោះ​បាន​ទៅ​ធ្វើ​ស្មៅ​សំអាត​ដី ​របស់​ខ្លួន​នៅ​លើ​កោះ​ក្រោយ​ផ្ទះ​ ស្រប​ពេល​នោះ​ជនសង្ស័យ​កំពុង​បូមទឹក​ស្រោច​ដំណាំ​លើ​ដី​ជាប់​ព្រំ​ជាមួយ​ជន​រង​គ្រោះ​ ហើយ​ទឹកបាន​ហូរ​មក​លើ​ដី​ជន​រង​គ្រោះ​ ឃើញ​ដូចនេះ​ ជន​រង​គ្រោះ​បាន​លើក​ទុយោ​ទឹក​របស់​ជនសង្ស័យ​នោះ​ចេញ​ ភ្លាម​នោះ​ជនសង្ស័យ​ខឹង​បាន​ជេរ​ប្រមាថ​ទៅ​លើ​ជន​រង​គ្រោះ​ ព្រមទាំង​ស្ទុះ​ទៅ​ទះកំផ្លៀង​ជន​រង​គ្រោះ​មួយ​ដៃស្តាំ​ចំ​ថ្ពាល់​ខាងស្តាំ​ បណ្តាល​ឲ្យ​វិលមុខ​ដួល​ទៅ​លើ​ដី​ មុត​ឈើស្រួច​ចំ​ប្រអប់ជើង​ខាងស្ដាំ​ចេញ​ឈាម​ ហើយ​ជ្រុះ​ក្រវិល​មួយ​ចំហៀង​ផង​ដែរ​ ។​ បន្ទាប់​មក​ ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​គគីរ​ធំ​ដើម្បី​ចាត់ការ​តាម​ច្បាប់​ ។​

​ក្រោយ​ពី​បាន​ទទួល​ពាក្យបណ្ដឹង​រួច​ ភ្លាម​នោះ​កម្លាំង​ប៉ុស្តិ៍​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ដើម្បី​សួរនាំ​ ហើយ​បាន​នាំ​ជនសង្ស័យ​មក​ប៉ុស្តិ៍​ រួច​កសាង​សំណុំ​រឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕

មតិយោបល់