ព័ត៌មានជាតិ

Update៖ បុគ្គលិកធនាគារម្នាក់ ជួលរថយន្តជិះទាំងគ្រួសារ ទៅដណ្តឹងកូនគេនៅខេត្តតាកែវ បានជួបគ្រោះអកុសលស្លាប់ ខណៈអ្នករួមដំណើរជាច្រើននាក់រងរបួស

កំពង់ស្ពឺៈ កាលពី១០ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២២-២៣ នៅមុខសាលាបឋមសិក្សាស្រង់ ក្នុងភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី មានគ្រោះថ្នាក់ចរាចរណ៍មួយ
រថយន្តបុករះម៉ូតូ៣គ្រឿង និងរថយន្ត១គ្រឿងទៀត បណ្ដាលឲ្យស្លាប់បុរសម្នាក់ និងរបួសធ្ងន់-ស្រាលជាច្រើននាក់។

ជនរងគ្រោះខាងលើ នៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ដោយគ្រាន់តែដឹងថា មានអាយុជាង២០ឆ្នាំហើយអ្នករងរបួស ភ្លាមៗ ត្រូវបានបញ្ជូននៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ។

ដំណើររឿង៖ មុនកើតហេតុគេឃើញ រថយន្ត១គ្រឿង ម៉ាកតាកុមា ពណ៌ស ពាក់ផ្លាកលេខ កំពង់ស្ពឺ 2B-2331 ជិះគ្នា៩នាក់ ធ្វើដំណើរពីជើងទៅត្បូង បំណងទៅដណ្តឹងកូនគេនៅខេត្តតាកែវ។ លុះមកដល់ចំណុចកើតហេតុ ក៏បានបុករះជាមួយម៉ូតូចំនួន០៣គ្រឿង នៅពេលនោះ រថយន្តបង្ក មិនព្រមឈប់ទទួលខុសត្រូវទេ ព្យាយាមបើករត់ ក៏ទៅបុកគូទរថយន្ត១គ្រឿងទៀត ម៉ាកហាយឡែនឌ័រ ធ្វើដំណើរស្របទិសគ្នា ដែលជិះគ្នា៥នាក់យ៉ាងពេញទំហឹង ធ្វើឲ្យរថយន្តបង្ក បែកកង់រេចង្កូត ធ្លាក់ផ្លូវទៅខាងឆ្វេងដៃ ទៅបុកជាមួយរបងសាលារៀន បណ្តាលឱ្យក្រឡាប់ជាច្រើនត្រឡប់ រងការខូចខាត រីឯបុរសម្នាក់ ដែលមានបំណងទៅស្តីដណ្តឹងកូនក្រមុំគេនោះ បានស្លាប់បាត់បង់ជីវិតភ្លាមៗតែម្ដង។ ចំណែកសាច់ញាតិ ដែលរួមដំណើរនោះ រងរបួសធ្ងន់-ស្រាល។

ក្រោយពេលកើតហេតុអ្នកបើករថយន្តបង្ក បានបើកទ្វាររត់គេចខ្លួនបាត់អស់ បន្សល់ទុកតែរថយន្ត និងជនរងគ្រោះ នៅកន្លែងកើតហេតុ។

បើតាមសាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា អ្នកបើកបររថយន្តបង្ក ទើបតែទិញរថយន្ត ហើយកូនរបស់គាត់ ដែលស្លាប់នេះ បានជួលរថយន្តខាងលើ ឱ្យដឹកទៅស្តីដណ្តឹងកូនគេ នៅខេត្តតាកែវ តែចៃដន្យអីជួបរឿងអកុសលបែបនេះ។

សូមបញ្ជាក់៖ ជនរគ្រោះ ដែលស្លាប់ ត្រូវបានគេដឹងថា បម្រើការនៅធនាគារមួយកន្លែង រស់នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕

មតិយោបល់