បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា ក្រោយពីបានចុះអប់រំណែនាំ រថយន្តដឹកដីដែលបើកចូលក្នុងក្រុងលើកទី១ លើកទី២ នៅតែមិនស្តាប់ និងមិនអនុវត្តតាមការណែនាំ របស់រដ្ឋបាលក្រុងសិរីសោភ័ណ ពិសេសបើកបរលឿនជាដើមនោះ គណៈបញ្ជាការឯកភាពក្រុងសិរីសោភ័ណ បានធ្វើការចុះជាលើកទី៣ ដោយប្រើវិធានការក្តៅ ឃាត់រថយន្តទុកមួយកន្លែង។
ការចុះណែនាំជាលើកទី៣ នេះធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២០ ដឹកនាំដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាលនៃគណៈអភិបាលក្រុង និងជាប្រធានគណៈបញ្ជាការឯកភាពក្រុង លោកអធិការក្រុង មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ធ្វើឡើងនៅចំណុចផ្លូវកែង សាលាក្រុង (ផ្លូវ៧មករា)។
ការចុះអនុវត្តនោះ គណៈបញ្ជាការឯកភាពក្រុង បានឃាត់រថយន្តដែលមិនគ្រប ទុករយៈពេលមួយថ្ងៃ ហើយតម្រូវគ្របតង់កៅស៊ូ ឲ្យបានត្រឹមត្រូវ ទើបអាចចេញរថយន្តបាន។ ចំពោះវិធានការក្តៅនេះ ធ្វើឡើងក្រោយពេលដែលពិនិត្យឃើញថា រថយន្តធំធុន រថយន្តដឹកដី បើកបរចូលក្នុងក្រុង មិនអនុវត្តតាមការណែនាំ របស់រដ្ឋបាលក្រុង បើទោះបីជា មានការចុះអប់រំ២លើករួចមកហើយយ៉ាងណាក៏ដោយ នៅតែមានរថយន្តដឹកដីមួយចំនួន មិនអនុវត្តតាម ដូច្នេះហើយលើកទី៣នេះ អាជ្ញាធរ ធ្វើការឃាត់ទុក្ខតែម្តង ដោយមិនអនុញ្ញាត ឲ្យធ្វើដំណើរលើដងផ្លូវរយៈពេលមួយថ្ងៃ ហើយតម្រូវគ្របតង់កៅស៊ូ ឲ្យបានត្រឹមត្រូវ ទើបអាចចេញបាន។
ជាមួយនឹងការដាក់ចេញនូវវិធានការក្តៅនេះ លោក ហ៊ឹល រ៉ាយ៉ា អភិបាលនៃគណៈអភិបាលក្រុង នឹងជាប្រធានគណៈបញ្ជាការឯកភាពក្រុងសិរីសោភ័ណ ក៏បានបញ្ជាក់អោយដឹងថា ៖ ចាប់ពេលនេះ ម៉ោងនេះទៅ គឺយើងនឹងធ្វើការរឹតបន្តិតចំពោះរថយន្តដឹកដីណាដែលមិនគោរពតាមការណែនាំ ហើយបើឃើញរថយន្តដឹកដីណាមិនគ្របត្រឹមត្រូវ កងកម្លាំងយើងឃើញនៅទីណា យើងនឹងធ្វើការឃាត់ទុកមួយកន្លែងតែម្តង ដោយគ្មានការយោគយល់។ ជាមួយគ្នានេះ ក៏បានធ្វើការសំណូមដល់ម្ចាស់យានយន្តទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចណ៍ កុំបើកបរលឿន ពិសេសពេលចូលនៅក្នុងក្រុង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចណ៍ផ្សេងៗ៕
មតិយោបល់