ព័ត៌មានជាតិ

គ្រូបង្រៀនបើកបរសាលានិម្មិតមានជ័យ បើករថយន្តបុកម៉ូតូរបួសធ្ងន់ម្នាក់និងស្លាប់ម្នាក់

បន្ទាយមានជ័យ: រថយន្តរបស់សាលាបង្រៀនបើកបរនិម្មិតមានជ័យមួយគ្រឿងបើកបុកម៉ូតូបណ្តាលឲ្យ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅវេលាម៉ោង ១២និង៣០នាទី ថ្ងៃ ត្រង់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៦ នៅចំណុចផ្លូវបំបែកចូលទៅឃុំបុស្បូវ ស្រុកព្រះ នេត្រព្រះ ស្ថិតក្នុងភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ដែលគេស្គាល់ម្ចាស់សាលាឈ្មោះ សេង គឹម ថា ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថាជនរងគ្រោះដែលស្លាប់ឈ្មោះ ផល យួង ភេទស្រី អាយុ៦២ឆ្នាំ នៅភូមិបុស្បូវ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ជាអ្នករួមដំណើរ ត្រូវជាម្តាយអ្នកបើកបរម៉ូតូដែលរងរបួសធ្ងន់ឈ្មោះ ជឿង ភេទស្រី អាយុ៣៥ឆ្នាំ នៅភូមិជាមួយគ្នា។

តាមការឲ្យដឹងពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា គ្រូបង្រៀនបើកបររថយន្តបុកម៉ូតូឈ្មោះ ហួ ជា ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ បើកបររថយន្តម៉ាកកាមារី ពណ៌ស សេរី១៩៩៦ ពាក់ស្លាកលេខ 2Q 5652 ។ មុនពេលកើតហេតុ រថយន្តបានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ចំណែកម៉ូតូបានធ្វើដំណើរពីលិចទៅកើត មកដល់កន្លែងកើតហេតុបានប្តូរទិស ពីត្បូងទៅជើងជិតផុតហើយក៏ត្រូវរថយន្តបុកចំកន្ទុយម៉ូតូ បណ្តាលឲ្យស្លាប់អ្នករួមដំណើរជាម្តាយ និងកូនអ្នកបើកបរម៉ូតូម៉ាកហុងដា សេរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1T 5598 រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ តាមការឲ្យដឹងពីឈ្មោះ ហួ ជា ដែរជាគ្រូបង្រៀនបើកបរបង្កគ្រោះថ្នាក់នេះ បានឲ្យដឹងថា ៖ មុនពេលកើតហេតុរូបគេបានបើកឡានតែម្នាក់ឯង មកពីលេងភូមិឈ្នួរ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ពេលត្រឡប់មកវិញក៏ជួបហេតុការណ៍នេះតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងពិនិត្យជាក់ស្តែងយកសម្ភាររក្សាទុករងចាំការដោះស្រាយ ទើបប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់