ភ្នំពេញៈ យ៉ាងហោចណាស់មនុស្សម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង ចំណែក៥នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តហាយប្រ៊ីត បើកបុករះម៉ូតូ ២គ្រឿង កំពុងឈប់ចតនៅលើចិញ្ចើមផ្លូវ កាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៤ ខាងលិចជាប់ស្តុប កែងមហាវិថីឈ្នះ ឈ្នះ ភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញម៉ូតូ២គ្រឿង មានគ្នា៦នាក់ កំពុងឈប់ចាំគ្នា នៅលើចិញ្ចើមផ្លូវ ទិសដៅពីកើតទៅលិច ខណៈនោះ ស្រាប់តែមានរថយន្តបង្ក ម៉ាកហាយប្រ៊ីត ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2T-1001 បើកល្បឿនលឿនពីកើតទៅលិច បុកពេញទំហឹង ផ្លោងខ្ទាតម៉ូតូទាំង២គ្រឿង បណ្តាលឲ្យស្លាប់ម្នាក់ឈ្មោះ សុន ស៊ីថាន អាយុ៣១ឆ្នាំ មានស្រុកកំណើតនៅឃុំត្រពាំងក្រញូង ស្រុកត្រាំកកម ខេត្តតាកែវ និងរងរបួសធ្ងន់ស្រាល៥នាក់ទៀត ចំណែករថយន្ត បានដាច់របូតកាងមុខ ធ្លាក់ទាំងផ្លាកលេខ នៅកន្លែងកើតហេតុ ហើយអ្នកបើក ព្យាយាមបន្ថែមល្បឿន បើកគេចបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ដើម្បីត្រួតពិនិត្យ និងធ្វើការស្រាវជ្រាវរករថយន្តបង្ក មក ដោះស្រាយ តាមផ្លូវច្បាប់៕







មតិយោបល់