បន្ទាយមានជ័យៈ យោងតាមផេកអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៧និង៣០នាទីព្រឹក ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានបើកយុទ្ធនាការចែកម៉ាស ដោយពុំគិតប្រាក់ ជូនដល់ភ្ញៀវទេសចរណ៍ ជាតិ-អន្តរជាតិ អាជីវករ ពលករ កម្មករអូសរទេះ អ្នករត់ម៉ូតូឌុប និងប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា និងច្រកទ្វារព្រំដែនអន្តរជាតិ ខ្លងលឹង ខេត្តស្រៈកែវ នៃព្រះរាជាណាចក្រថៃ។
យុទ្ធនាការនេះ ដឹកនាំដោយលោក ឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍ និងមន្ត្រីក្រោមឱវាទ ដោយមានការចូលរួមពីលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត និងសហការី ព្រមទាំងសមត្ថកិច្ចអន្តោប្រវេសន៍ថៃ ច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក មួយចំនួនទៀត នៅចំណុចច្រកចេញ-ចូលគល់ស្ពានមិត្តភាពកម្ពុជា-ថៃ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ការចែកម៉ាសនេះ ក្នុងគោលបំណងជួយទប់ស្កាត់ជំងឺផ្លូវដង្ហើម (វីរុសCORONA) ស្របពេលដែលជំងឺនេះកំពុងតែឆ្លងរាតត្បាត នៅតាមបណ្ដាប្រទេសមួយចំនួនលើពិភពលោក ។
តាមការរំពឹងទុក ក្នុងមួយថ្ងៃ ប៉ុស្តិ៍អាចចែកម៉ាសអស់ជាមធ្យោម ១៥,០០០ ទៅ ១៨,០០០ម៉ាស ហើយគ្រោងនឹងបន្តចែកជូនអ្នកដំណើរឆ្លងកាត់ ដោយឥតគិតថ្លៃ រហូតដល់មានសេចក្ដីប្រកាស របស់ក្រសួងសុខាភិបាល ស្ដីពី វីរុសCORONA ត្រូវបានបញ្ចប់ និងត្រូវចំណាយម៉ាសអស់យ៉ាងតិច ១,០០០,០០០ម៉ាស (មួយលានម៉ាស) ក្នុងរយៈពេល ០១ខែ៕









មតិយោបល់