ព័ត៌មានជាតិ

លោក ស ថេត៖ ឲ្យកម្លាំងចម្រុះទាំងអស់ជាពិសេសជនបរទេសប្រើប្រាស់រថយន្តផ្លាកលេខ នគរបាល និង ខេមរភូមិន្ទ…

ភ្នំពេញ: នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជា ស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ស្តីពីការផ្សព្វផ្សាយអនុសាសន៍របស់សម្តេចក្រឡាហោម ស ខេង ទាក់ទងទៅនឹងការរឹតបន្តឹងច្បាប់ចរាចរណ៍ ក៏ដូចជាធ្វើយ៉ាងណាត្រូវខិតខំដើម្បីកាត់បន្ថយឲ្យបាននូវអត្រាការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍។

ឯកឧត្តមស្នងការបានបញ្ជាក់ដល់ការិយាល័យជំនាញ ក៏ដូចជាអធិការខណ្ឌទាំង១៤ ឲ្យសិក្សាស្រាវជ្រាវច្បាស់ ថាតើករណីគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនកើតឡើងនៅពេលណា ម៉ោងណា ដោយសារអ្វី ដែលគម្បីដាក់កម្លាំងអនុវត្តការងារឲ្យបានសមស្រប និងត្រឹមត្រូវតាមស្ថានភាពជាក់ស្តែង ។

ដើម្បីបង្ការ ទប់ស្កាត់ និងកាត់បន្ថយឲ្យបាននូវអត្រាការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ឯកឧត្តមស្នងការដាក់ចេញនូវបទបញ្ជាដល់បណ្តាខណ្ឌទាំង១៤ និងការិយាល័យពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំកម្លាំងចម្រុះដាក់តាមគោលដៅ គ្រប់ខណ្ឌ រឹតបន្តិងច្បាប់ចរាចរណ៍ រយ:ពេល ៧ថ្ងៃ ដើម្បីយកលទ្ធផលជាក់ស្តែងយកមកវិភាគ ប្រៀបធៀប ថាតើក្នុងកំឡុងពេលអនុវត្តការងារមួយសប្តាហ៍នេះ ថាតើមានការថយចុះកម្រិតណា ?

ឯកឧត្តមស្នងការ ក៏បានណែនាំឲ្យកម្លាំងចម្រុះទាំងអស់ ត្រូវយកចិត្តទុកដាក់ទៅលើជនបរទេសដែលបើកបរនៅក្នុងរាជធានីភ្នំពេញ ជាពិសេសជនបរទេសដែលប្រើប្រាស់រថយន្តដែលមានស្លាកលេខ នគរបាល និង ខេមរភូមិន្ទ ។ល។

ស្របពេលដែលត្រូវចុះអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ ឯកឧត្តមស្នងការបានណែនាំដល់កម្លាំងទាំងអស់ ត្រូវគោរពវិន័យឲ្យបានល្អ អនុវត្តឲ្យបានម៉ឺងម៉ាត់ ដើម្បីទទួលបាននូវការសាទរ និងគាំទ្រពីមជ្ឍដ្ឋានទូទៅ៕

មតិយោបល់