ព័ត៌មានជាតិ

Update៖ បុរសពោះម៉ាយម្នាក់ ស្រវឹងស្រាទៅដេកលើផ្លូវដែក ត្រូវរថភ្លើងបើកកិនស្លាប់ ដាច់ជាកំណាត់ៗ

ភ្នំពេញ: បុរសពោះម៉ាយម្នាក់ ស្លាប់យ៉ាងអាណោចអធ័ម បន្ទាប់ពីផឹកស្រវឹងទៅដេកលើផ្លូវដែក ត្រូវរថភ្លើងបើកកិន កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នៅចំណុចភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រហូតដល់វេលាម៉ោង៧ និង០០នាទីព្រឹកថ្ងៃដដែលនេះ ទើបពលរដ្ឋប្រទះឃើញ ផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ច ។

បុរសរងគ្រោះឈ្មោះ សម្បត្តិ វុធ អាយុ៤២ឆ្នាំ មុខរបរ ដើរស៊ីឈ្នួល ធ្វើការងារឲ្យគេ ស្នាក់នៅក្រោមដំបូលរោងធ្លុះធ្លាយ ក្បែរកន្លែងកើតហេតុ មានស្រុកកំណើត ភូមិតាម៉ៅ ឃុំរាធរ ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

តាមក្រុមគ្រួសារ បានឲ្យដឹងថា ជនរងគ្រោះ ជាបុរសពោះម៉ាយ ប្រពន្ធលែង៥ឆ្នាំមកហើយ មានកូន៣នាក់ រស់នៅខាងប្រពន្ធ ក្នុងភូមិខាងលើ ចំណែកជនរងគ្រោះ រស់នៅយ៉ាងកណ្តោចកណ្តែងម្នាក់ឯង ក្រោមដំបូលខ្ទមធ្លុះធ្លាយ ក្បែរចំណុចកើតហេតុ ។

តាមប្រជាពលរដ្ឋ អ្នកស្គាល់ ជនរងគ្រោះ ក្រោយពីលែងលះជាមួយប្រពន្ធ បានខូចចិត្ត ផឹកស្រាជាប្រចាំ ហើយជារឿយៗ ជនរងគ្រោះ ដើរ ដេក ផឹក នៅលើផ្លូវដែក ស្រាប់តែនៅវេលាម៉ោង២រំលងអធ្រាត្រ មានរថភ្លើងមួយខ្សែបើកចូលក្រុងភ្នំពេញ តែមិនចាប់អារម្មណ៍ រហូតដល់ព្រឹកម៉ោង៧ ថ្ងៃដដែល ប្រទះឃើញជនរងគ្រោះស្លាប់ដោយរថភ្លើងបើកកិនទៅវិញ ទើបនាំគ្នាភ្ញាក់ផ្អើល ។

ក្រោយពីសមត្ថកិច្ច ចុះទៅពិនិត្យកោសល្យវិច័យ សន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ ដោយសាររថភ្លើង កិនប្រាកដមែន រួចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងប្រមូលបំណែកដៃជើង យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់