ភ្នំពេញៈ រថយន្តមួយគ្រឿងរបស់នារីម្នាក់ ត្រូវបានធ្លាក់ឥដ្ឋនិងដែក ពីលើទីតាំងការដ្ឋានមួយកន្លែង បណ្ដាលឲ្យ ធ្លុះដំបូលគម្របម៉ាស៊ីនខាងលើ និងបែកចង្ក្រៀងធំមុខខាងឆ្វេង ប៉ុន្តែសំណាងល្អមិនមានមនុស្សរងរបួសឡើយ ។
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង០៤និង១០នាទីល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចស្តុបវត្តនាគវ័ន តាមបណ្ដោយផ្លូវលេខ២២១ កែងមហាវិថីសហព័ន្ធរុស្សី សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ មាននារីម្នាក់បើកបររថយន្តម៉ាក Prius ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BA-7751 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២២១ បើកបរខុសស្លាកសញ្ញាចរាចរណ៍ ត្រូវបាននគរបាលចរាចរណ៍ ប្រចាំការនៅគោលដៅអនុវត្តន៍ច្បាប់ ឃាត់រថយន្ត ខណៈនោះម្ចាស់រថយន្ត បានចតរថយន្តនៅចិញ្ចើមផ្លូវក្បែរទីតាំងខុនដូរ ដើម្បីចុះទៅធ្វើការផាកពិន័យ ស្រាប់តែទីតាំងការដ្ឋានខុនដូរ បានធ្លាក់ដែកនិងឥដ្ឋ បណ្ដាលឱ្យរថយន្តខូចខាត ធ្លុះដំបូលគម្របម៉ាស៊ីន ដំបូលខាងលើ និងបែកចង្ក្រៀងធំមុខខាងឆ្វេង ប៉ុន្តែសំណាងល្អ មិនមានមនុស្សរងរបួសឡើយ ។
ក្រោយពេលកើតហេតុ តំណាងម្ចាស់ម៉ៅការសំណង់ នៃការដ្ឋានបានចេញមកដោះស្រាយ សម្របសម្រួលគ្នា ជាមួយម្ចាស់រថយន្ត ដោយសងសំណងទៅម្ចាស់រថយន្ត ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕
មតិយោបល់