ព័ត៌មានជាតិ

រថយន្តហាយឡែនឌ័រ បើកកៀរម៉ូតូសេ១២៥ ដួលបោករងរបួសធ្ងន់ សន្លប់ស្ដូកម្នាក់

ភ្នំពេញ: បុរសម្នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តហាយឡែនឌ័រ បើកកៀរម៉ូតូសេ១២៥ ធ្វើដំណើរស្របទិសគ្នា កាលពីវេលាម៉ោង ៧និង២០នាទីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ផ្អែកតាមឯកសារអត្តសញ្ញាប័ណ នៅជាប់តាមខ្លួន ជនរងគ្រោះឈ្មោះ ប៉ែន យ៉ត ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រងរបួសធ្ងន់ សន្លប់ឈឹងនៅកន្លែង ។

តាមប្រភពនៅកន្លែង បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូ សេ១២៥ ស៊េរី២០១២ ពាក់ផ្លាកលេខ ភ្នំពេញ 1CI-1552 ធ្វើដំណើរតាមផ្លូវជាតិលេខ៣ ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក ម៉ាកហាយឡែនឌ័រ មិនចាំផ្លាកលេខ បើកល្បឿនលឿន ពីជើងទៅត្បូង កៀរម៉ូតូដួលបោក រងរបួសធ្ងន់ ហើយរថយន្តបន្ថែមល្បឿនបើករត់ ឆ្លងផ្លូវបត់ចូលក្នុងបុរីធូលន ក្បែរនោះបាត់ គ្មានអ្នកដេញតាម។ ចំណែកជនរងគ្រោះដេកសន្លប់ឈឹង ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុម: រីឯម៉ូតូ កាលបើភាគីបង្ករត់គេចចូលបុរីបាត់ហើយ ទើបសមត្ថកិច្ច យកទៅទុកប៉ុស្តិ៍ រង់ចាំម្ចាស់មកយកពេលក្រោយ៕

មតិយោបល់