ព័ត៌មានជាតិ

Update៖ ​រក​ឃើញ​សាកសព​នារី​២​នាក់​ ដែល​បាត់​ខ្លួន​ក្នុង​ករណី​លិច​ទូក​ ពេលជិះទៅ​លេង​កោះ​ស្នេហា​ នៅ​ស្រុក​មុខកំពូល​ហើយ​

​កណ្តាលៈ​ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០២០​ ម្សិលមិញ​នេះ​ នគរបាល​ស្រុក​មុខកំពូល​ បាន​បន្ត​ស្វែងរក​សាកសព​នារី​២​នាក់​ ដែល​បាត់​ខ្លួន​ក្នុង​ករណី​លិច​ទូក​ កាលពី​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១៦​និង​៣០​នាទី​រសៀល​ ខណៈ​នារី​រង​គ្រោះ​ទាំង​២​នាក់​ និង​មនុស្ស​ជាង​១០​នាក់​ទៀត​ នាំ​គ្នា​ជិះទូក​ទៅ​លេង​កោះ​ស្នេហា​នៅ​ក្នុងភូមិ​ពាម​ ឃុំ​រកា​កោង​១​ ស្រុក​មុខកំពូល​ ត្រូវ​បាន​នគរបាល​ជំនាញ​រក​ឃើញ​ហើយ​ ។​

​គួរ​រំ​ឮ​កថា​ កាលពី​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១៦​និង​៣០​នាទី​ នារី​រង​គ្រោះ​ទាំង​២​នាក់​ រួម​ទាំង​មនុស្ស​ជាង​១០​នាក់​ទៀត​ បាន​នាំ​គ្នា​ជិះទូក​ក្នុង​គោលបំណង​ទៅ​លេង​កោះ​ស្នេហា​ លុះ​ជិះ​ចេញពី​ច្រាំង​ចម្ងាយ​ប្រហែល​ជាង​១០​ម៉ែត្រ​ទូក​ក៏​បាន​លិច​ចូល​ក្នុង​ទន្លេ ធ្វើ​ឲ្យ​នារី​រង​គ្រោះ​ទាំង​២​នាក់​បាត់​ខ្លួន​តែ​ម្ដង​ មូលហេតុ​ដែល​ធ្វើ​ឲ្យ​ទូក​លិច​ គឺ​បណ្ដាល​មក​ពី​លើស​ចំណុះ​ ។​ លុះ​មក​ដល់​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០២០​ សមត្ថកិច្ច​ជំនាញ​បាន​បន្ត​ធ្វើការ​តាម​រក​ បាន​ប្រទះ​ឃើញ​សាកសព​នារី​រង​គ្រោះ​ទាំង​២​នាក់​អណ្ដែត​លើ​ផ្ទៃ​ទឹកទន្លេ​ចម្ងាយ​ពី​កន្លែង​កើតហេតុ​ប្រហែល​២៥០​ម៉ែត្រ​ ។​

​បច្ចុប្បន្ន​ សាកសព​នារី​រង​គ្រោះ​ ត្រូវ​បាន​កម្លាំង​ជំនាញ​ ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​

​សូម​បញ្ជាក់​ថា​ សាកសព​នារី​រង​គ្រោះ​ឈ្មោះ​ យឿ​ង​ ស្រី​ពេជ្រ​ ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ក្រឡុក​ស្រា​ មាន​ទីលំនៅ​ ភូមិ​ឃ្លាំង​សាំង​ សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ ខណ្ឌ​ឬ​ស្សី​កែវ​ រាជធានី​ភ្នំពេញ​ និង​ម្នាក់​ទៀត​ឈ្មោះ​ ស្រី​ ណា​ ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ​ មាន​ទីលំនៅ​ខ័ណ្ឌ​ឫស្សី​កែវ​ រាជធានី​ភ្នំពេញ​៕

មតិយោបល់