ព័ត៌មានជាតិ

ករណីជនជាតិវៀតណាមចាប់ជំរិតជនជាតិវៀតណាម នៅផ្ទះសំណាក់ ហេង ឡុង១ ត្រូវសមត្ថកិច្ចបង្រ្កាប

ភ្នំពេញៈ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបករណីចាប់ជំរិត និងគំរាមទារប្រាក់ ដែលប្រព្រឹត្តដោយជនជាតិវៀតណាម ទៅលើជនជាតិវៀតណាម នៅសង្កាត់ព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០។

ទទួលបានពាក្យបណ្ដឹងភ្លាម កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំង ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីតំណាងអយ្យការ ទើបរហូតដល់ម៉ោងជាង១២ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ កម្លាំងជំនាញបានឈានដល់ការចាប់ខ្លួនជនសង្ស័យ ៣នាក់ និងរំដោះជនរងគ្រោះម្នាក់ នៅផ្ទះសំណាក់ហេងឡុង១ ភូមិ៤ ក្រុម២២ ផ្លូវលេខ១១១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរង និងមានការចង្អុលបង្ហាញចំគោលដៅពី លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងដឹកនាំកម្លាំងដោយ លោកវរសេនីយ៍ឯក ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

បន្ទាប់ពីស្ដាប់ចម្លើយសារភាពរបស់ជនសង្ស័យ និងការបំភ្លឺរបស់ជនរងគ្រោះ សមត្ថកិច្ចជំនាញសន្និដ្ឋានបានថា នេះពិតជាករណីចាប់បង្ខាំងមនុស្សដោយខុសច្បាប់ និងគំរាមទារប្រាក់ប្រាកដមែន។ បញ្ចប់ការសួរនាំ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០នេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជូនជនសង្ស័យទាំង ៣នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់