ភ្នំពេញៈ កាលពីវេលាម៉ោង ៨ និង ២០នាទីយប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះជួលបុរីសែនមនោរម្យ ស្ថិតភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មានករណីបុរសមួយក្រុមស្លៀកពាក់ស៊ីវិល ឃាត់ខ្លួនបុរសម្នាក់ក្នុងផ្ទះជួល ម្ចាស់ផ្ទះចូលទៅសួរនាំត្រូវបុរសទាំងនោះដកកាំភ្លើងគំរាមបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ដំណើររឿង៖ មុនពេលកើតហេតុ មានជនស៊ីវិលចំនួនជិត១០នាក់ជិះម៉ូតូប្រមាណ៦គ្រឿង រួមទាំងរថយន្តកាមរីមួយគ្រឿង សុទ្ធតែពាក់មួកសុវត្ថិភាពបានមកចាប់មនុស្សនៅផ្ទះឈ្មោះ តារា ភារៈ ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរផ្នែកទីផ្សារ ខណៈនោះគាត់បានសួរនាំតែត្រូវបក្សពួកជនស៊ីវិលខាងលើយកកាំភ្លើងមកគំរាមអង្គុយចុះ ហើយដេញចាប់អ្នករស់នៅផ្ទះជួលពេញផ្ទះ ដាក់រថយន្តគេចបាត់ទៅ។
បន្ទាប់មកម្ចាស់ផ្ទះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលសង្កាត់កន្ទោក ប៉ុន្តែសមត្ថកិច្ចប៉ុស្តិ៍បានប្រាប់ថា បក្ខពួកខាងលើជានគរបាលប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ និងសុំអនុញ្ញាតពីលោកអធិការខណ្ឌកំបូលហើយ ដោយបុរសដែលឃាត់ខ្លួននោះមានសារធាតុញៀននៅក្នុងខ្លួន ក្រោយមកម្ចាស់ផ្ទះក៏ត្រឡប់មកផ្ទះវិញដោយមិនដាក់ពាក្យបណ្ដឹងអ្វីឡើយ៕
មតិយោបល់