ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ ស្ត្រីអ្នកលក់កាហ្វេម្នាក់ ជិះម៉ូតូដឹកកាហ្វេឲ្យភ្ញៀវ និងបានឆ្លងផ្លូវត្រូវម៉ូតូធុនធំ បើកបរក្នុងល្បឿនលឿន បុកចំពាក់កណ្ដាលម៉ូតូពេញទំហឹង បណ្តាលឱ្យដួលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នៅទល់មុខច្រកចូល ក្រសួងព័ត៌មាន តាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សពមានឈ្មោះ ទ្រី ស្រីលីន ភេទស្រី អាយុ២៥ឆ្នាំ មុខរបរលក់កាហ្វេ ស្នាក់នៅផ្ទះជួលម្តុំគ្លីនិករ៉ាក់ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ មានស្រុកកំណើតនៅភូមិជ្រោយបាសាក់១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា ជារៀងរាល់ថ្ងៃ ស្ត្រីរងគ្រោះខាងលើ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាស្កុបពី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1GQ-2244 បានដឹកកាហ្វេឲ្យភ្ញៀវ ដែលកុម្មង់តាមរយៈប្រព័ន្ធទូរស័ព្ទ នៅម្តុំមន្ទីរពេទ្យជប៉ុនជារៀងរាល់ថ្ងៃ មិនមានបញ្ហាអ្វីនោះទេ ដោយឡែកនៅព្រឹកកើតហេតុជនរងគ្រោះ បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស និងឆ្លងបានពាក់កណ្តាលផ្លូវ ស្រាប់តែមានបុរសម្នាក់ ដែលបើកម៉ូតូធុនធំមួយគ្រឿង ម៉ាក់ កាវ៉ាសាគី Z1000CC ពណ៌បៃតង ពាក់ផ្លាកលេខ ភ្នំពេញ 1HW-0909 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន បានបើកបុកម៉ូតូស្កុបពី ចំពាក់កណ្ដាលពេញទំហឹង បណ្ដាលឲ្យស្ត្រីអ្នកលក់កាហ្វេបោកក្បាល និងថ្នល់ស្លាប់ភ្លាមៗ តែម្តង ។ ចំណែកបុរសជាម្ចាស់ម៉ូតូធុនធំ រងរបួសស្រាល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅប៉ុស្តិ៍នគរបាលវត្តភ្នំផងដែរ ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ បានចុះនៅទីតាំងកើតហេតុ បានធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿង ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ ។ ចំណែកសពស្ត្រីរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់