សៀមរាបៈ នៅថ្ងៃទី២៩ ខែ មករា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យឈ្មោះ សម សិទ្ធ ហៅជុំ ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោស(កាច់សោរកម៉ូតូ) ។
លោក ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌបានអោយដឹងថា នៅចន្លោះ ០២និង៤០នាទីត្រូវនឹងយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នៅចំណុចក្នុងបរិវេណផ្ទះជួលបន្ទប់ក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប មានជនមិនស្គាល់អត្តសញ្ញាណចំនួន ០២នាក់ ភេទប្រុស បានធ្វើសកម្មភាពលួចកាច់សោកម៉ូតូ មួយគ្រឿងម៉ាក ហ៊្សូមឺរអិច ពណ៌ក្រហម ស៊េរីឆ្នាំ ២០២០ ពាក់ស្លាកលេខកំពង់ធំ 1M-3281 លេខតួ+លេខម៉ាស៊ីន ៥១០៣៤៨១ របស់ជនរងគ្រោះឈ្មោះ ឈុយ ឆេង ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិត ស្នាក់នៅបន្ទប់ជួលទីតាំងកន្លែងកើតហេតុ។
ក្នុងខណៈពេលដែលជនរងគ្រោះឈ្មោះខាងលើ បានចតម៉ូតូនេះទុកនៅមុខបន្ទប់ចាក់សោរកម៉ូតូ រួចចូលទៅដេកក្នុងបន្ទប់បាត់។
បន្ទាប់មកជនរងគ្រោះក៏បានរាយការណ៍ជូនសមត្ថកិច្ច បានចុះស្រាវជ្រាវនៅកន្លែងកើតហេតុ ព្រមទាំងបានឆែកកាមេរ៉ាសុវត្ថិភាព ក៏កំណត់ផ្លាកលេខម៉ូតូ និងភិនភាគជនសង្ស័យដែលជិះធ្វើសកម្មភាពបាន ។
លុះនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ សមត្ថកិច្ចក៏បានស្រាវជ្រាវរកឃើញជនសង្ស័យដែលកំណត់បានពីកាមេរ៉ាសុវត្ថិភាព ហើយនាំខ្លួនមុខសញ្ញានោះ មានឈ្មោះ សម សិទ្ធ ហៅជុំ ព្រមទាំងធ្វើការឆែកឆេរលំនៅដ្ឋានជនសង្ស័យរកឃើញម៉ូតូ និងខោអាវ ដែលជនសង្ស័យស្លៀកធ្វើសកម្មភាព យកមកធ្វើការសួរនាំជនសង្ស័យនេះ បានឆ្លើយសារភាពថា ក្នុងថ្ងៃកើតហេតុ ម៉ូតូរបស់ខ្លួន ត្រូវបានក្មួយថ្លៃឈ្មោះ ញ៉ា(មិនស្គាល់ត្រកូល)ប្រហែលជាង ២០ឆ្នាំ នៅភូមិជុំគ្នា(គេចខ្លួន)ខ្ចីជិះរហូតដល់ម៉ោង ០២និង០០ រំលងអាធ្រាត្រទើបឈ្មោះញ៉ា យកម៉ូតូមកឲ្យខ្លួនវិញជាមួយនឹងបក្ខពួករបស់គេម្នាក់ទៀត។
ចំណែកខោអាវដែលសមត្ថកិច្ចធ្វើការដកហូតគឺពិតជាខោអាវ(ដែលកំណត់បានដោយកាមេរ៉ា)របស់ខ្លួន(ឈ្មោះ សម សិទ្ធ ហៅជុំ)ពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកសាងរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីនិងបន្តការស៊ើបអង្កេតបន្តទៀតផងដែរ៕
មតិយោបល់