ភ្នំពេញៈ បុរសម្នាក់ មានអាការថប់ៗ ណែនទ្រូង ទ្រាំលែងបានក្រុមគ្រួសារដឹក ឌុបតាមម៉ូតូ បំណងឆ្ពោះទៅពេទ្យ តែជាអកុសល បានពាក់កណ្តាលផ្លូវ ស្លាប់បាត់ជីវិត កាលពីវេលាម៉ោង២រសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ នៅតាមផ្លូវបេតុង៥៨ប៉េ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
សពមានឈ្មោះ ឱក សារឿន ហៅផល ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ បើកបររថយន្ត មានទីលំនៅភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមការបំភ្លឺពីក្រុមគ្រួសារ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ កាលពីវេលាម៉ោងទៀបភ្លឺ ឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ ជនរងគ្រោះ មានអាការថប់ដង្ហើម ចុកណែនទ្រូង ទើបក្រុមគ្រួសារ បានដឹកបញ្ជូនទៅគ្លីនិក នៅម្តុំផ្សារដីហុយ គ្រូពេទ្យប្រាប់ថា ឈឺជំងឺបេះដូង ហើយក៏បានសម្រាកព្យាលនៅទីនោះ ពេលបានធូរស្បើយ នៅវេលាម៉ោង៩ព្រឹកថ្ងៃដដែល ជនរងគ្រោះ បានចេញទៅផ្ទះវិញ ស្រាប់តែនៅវេលាម៉ោង២រសៀលនេះ ជនរងគ្រោះត្អូញត្អែរ មិនស្រួលខ្លួនសារជាថ្មី ចេះតែថប់ៗដង្ហើម ចុកណែនទ្រូងដដែល រហូតទ្រាំលែងបាន ពិបាកដកដង្ហើមពេក ត្រូវបានក្រុមគ្រួសារ ដឹកតាមម៉ូតូវ៉េវមួយគ្រឿង គោលបំណង់ឆ្ពោះទៅពេទ្យ ម្តុំផ្សារដីហុយដដែល ដោយធ្វើដំណើរតាមផ្លូវ៥៨ប៉េ ទើបតែដល់ចំណុចខាងលើ ជនរងគ្រោះ មានអាការៈមិនស្រួលកាន់តែខ្លាំងឡើង ក្រុមគ្រួសារ ក៏ឈប់ម៉ូតូ ដាក់ឲ្យអង្គុយ រួចហៅរករថយន្តសង្គ្រោះគ្លីនិកឯកជន មកដឹក ពេលរថយន្តមកដល់ ពិនិត្យមើលឃើញថា ស្លាប់ទៅហើយ ទើបដាក់ជនរងគ្រោះចុះមកវិញ។
ខណៈនោះ ក្រុមគ្រួសារអស់សង្ឃឹម ក៏ដឹកសពតាមម៉ូតូវិលត្រឡប់ទៅផ្ទះវិញ រួចការរាយកាណ៍ប្រាប់សមត្ថកិច្ច ចុះទៅពិនិត្យ ជាក់ស្តែង៕
មតិយោបល់