ព័ត៌មានជាតិ

ប្រេងឆានិងងៀតបបែល ចំនួន ១៥.៥ គីឡូក្រាម មានផ្ទុកសារធាតុគីមីហាមឃាត់ ត្រូវមន្រ្តីសាខាកាំកុងត្រូល ធ្វើការដកហូត

កោះកុងៈ យោងតាមផេករបស់អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ មន្រ្តីសាខាកាំកុងត្រូលខេត្តកោះកុង ដោយមានការសហការពីមន្ត្រីពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារសហគមន៍ទេសចរណ៍បាងកាយ៉ាក និងតូបលក់ទំនិញតំបន់ទេសចរណ៍បាងកាយ៉ាក ស្ថិតនៅឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ក្នុងគោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា និងផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ សកម្មភាពនេះ មន្ត្រីជំនាញបានត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញប្រេងឆាខូចគុណភាព និងហួសកាលបរិច្ឆទប្រើប្រាស់ចំនួន ១២ ដប ស្មើនឹង ១២ គីឡូក្រាម និងងៀតបបែលដែលមានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ចំនួន ៣.៥ គីឡូក្រាម សរុបដកហូតបានចំនួន ១៥.៥ គីឡូក្រាម។

បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការកម្ទេចចោល និងបានធ្វើការណែនាំដល់អាជីវករដទៃ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

 

មតិយោបល់