ភ្នំពេញៈ ផ្ទះប្រជាពលរដ្ឋ៥ខ្នង ត្រូវអគ្គិភ័យលេបត្របាក់ ក្នុងនោះមាន៣ខ្នងឆាប់ឆេះទាំងស្រុង បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ និង៥០នាទី រសៀល ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងភូមិច្រែស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពនៅកន្លែង ហេតុការណ៍គ្រោះអគ្គិភ័យខាងលើ មិនទាន់ដឹងថាផ្តើមចេញពីអ្វីនៅឡើយទេ គ្រាន់តែដាក់កាសង្ស័យមកពីទុស្សេរចរន្តភ្លើង ស្រាប់តែមានផ្សែងហុយខ្មួលខ្មាញ់ ចេញជាអណ្តាតភ្លើងឆាបឆេះ យ៉ាងសន្ធោសន្ធៅនាំគ្នាផ្អើលឆោឡោ ទោះជាពលរដ្ឋ បាញ់ជះទឹក បំពង់ពន្លត់អគ្គិភ័យ ក៏មិនអាចគ្រប់គ្រងបាន ភ្លាមៗ អាជ្ញាធរ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ត្រូវបានបញ្ជូនទៅដល់ទីតាំងខាងលើជាបន្តបន្ទាប់ សរុបចំនួន៩គ្រឿងបាញ់ទឹកពន្លត់ភ្លើង ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើ រថយន្តចំនួន៩គ្រឿង របស់ស្នងការចំនួន៨គ្រឿង និងមួយគ្រឿងទៀត ក្រុមហ៊ុនឯកជន ប្រើប្រាស់ទឹកអស់៩ស៊ីទែន ក្នុងរយៈពេលមួយម៉ោង នៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃដដែល ទើបភ្លើងរលត់ ។
ហេតុការណ៍ខាងលើ បណ្តាលឲ្យផ្ទះចំនួន៣គ្រឿង ភ្លើងឆេះម៉ដ្ឋ ចំណែក២ផ្ទះទៀត ភ្លើងឆេះអស់៥០ភាគរយ សម្ភារៈជាច្រើនរងខាតបង់ តែមិនបង្កឲ្យអ្នកណារងរបួសឡើយ ។ ចំពោះមូលហេតុ ផ្តើមឲ្យកើតគ្រោះអគ្គិភ័យខាងលើ មិនទាន់ដឹងច្បាស់នៅឡើយ សមត្ថកិច្ចបន្តធ្វើការស្រាវជ្រាវ ៕
មតិយោបល់