ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះរុះរើតូបលក់ដូរ លើចិញ្ចើមផ្លូវជាតិលេខ៤

ភ្នំពេញៈ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងសង្កាត់ចោមចៅទី ៣ ដឹកនាំដោយអភិបាលរងខណ្ឌលោក ប៉ាង លីដា បានចុះទៅធ្វើការរុះរើតូបលក់ដូរ ដែលសង់រំលោភលើចិញ្ចើមផ្លូវជាតិលេខ៤ បង្កភាពអនាធិបតេយ្យ និងបាត់បង់សោភ័ណភាព តាមដងផ្លូវ ព្រមទាំងប៉ះពាល់ដល់សណ្ដាបធ្នាប់ចរាចររាល់ថ្ងៃ។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ដោយអាជ្ញាធរធ្វើការរុះរើ រៀបចំសណ្ដាប់ធ្នាប់ ចាប់ពីចំណុចភូមិព្រៃស្វាយ រហូតដល់ភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

អាជ្ញាធរ បាននិយាយថា សំណង់តូបលក់ដូរ ដែលត្រូវធ្វើការរុះរើចេញនា ពេលនោះ ពុំមែនជាសំណង់រឹងមាំនោះទេ តែជាសំណង់តូបឈើ និងឫស្សីមិនរឹងមាំ ដែលបងប្អូនប្រជាពលរដ្ឋ នាំគ្នាសង់រំលោភលើចិញ្ចើមផ្លូវ និងប្រឡាយ ដើម្បីលក់ដូរ ។ ប៉ុន្តែអាជ្ញារធរ មិនទុកឲ្យស្ថិតនៅបែបនេះបានទេ ព្រោះវាបង្កផលប៉ះពាល់ជាច្រើន ក្នុងនោះប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ការធ្វើចរាចរណ៍ និងបង្កភាពអាប់អួរដល់សោភ័ណភាពផ្លូវថ្នល់តែម្ដង។

ប្រភពដែលបានបន្តថា ចិញ្ចើមផ្លូវមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អ្នកដំណើរថ្មើរជើងទាំងឡាយ ដូច្នេះហើយក្រៅពីកែលម្អសោភ័ណភាពដងផ្លូវនោះ ការរុះរើសំណង់ខាងលើ នាពេលនេះ ក៏ដើម្បីរំដោះយកចិញ្ចើមផ្លូវពីការរំលោភបំពាននេះផងដែរ។ មិនតែប៉ុណ្ណោះ នៅក្នុងពេលនោះ អាជ្ញាធរបានដាក់គ្រឿងចក្រ រុះរើហើយបន្ទាប់មក បានកាយស្ដារប្រឡាយ ដែលត្រូវកកស្ទះ ដោយសំរាបនៅទីតាំងខាងលើនេះទៀតផង៕

មតិយោបល់