សៀមរាបៈ នៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី ពាក់ព័ន្ធករណីមនុស្សឃាត កាលពីវេលាម៉ោង ១២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប។
ជនសង្ស័យចំនួន ៦នាក់រួមមាន៖
១/ឈ្មោះ គង់ សូរិយា
២/ឈ្មោះ វ៉ន វ៉ែន
៣/ឈ្មោះ លុន ចំរើនរិទ្ធ
៤/ឈ្មោះ ងួន ធារ៉ា
៥/ឈ្មោះ ចិន
៦/ឈ្មោះ សិទ្ធិ ។
ជនរងគ្រោះឈ្មោះ ហេង វិឆាយ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មករទិញ-លក់អេតចាយ មានទីលំនៅបច្ចុប្បន្ន នៅភូមិក្រសាំង សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប។
សូមរំឮកថា៖ មុនពេលកើតហេតុជនរងគ្រោះ និងបក្ខពួកមានគ្នា ៣នាក់ បាននាំគ្នាទៅចូលរាំលេងក្នុងក្លឹបកាឡាក់ស៊ី ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប ខណៈពេលដែលកំពុងរាំ ក៏បានឈ្លោះប្រកែកជាមួយក្រុមជនសង្ស័យខាងលើ ឈានដល់ការវាយតប់ លុះរហូតមកវេលាម៉ោង ២និង៤០នាទីយប់ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះ និងបក្ខពួកនាំគ្នាចេញវិញត្រឡប់ទៅផ្ទះ ពេលជិះម៉ូតូមកដល់ចំណុចខាងក្រោយសណ្ឋាគារសូហ្វីតែល ស្រាប់តែលេចមុខក្រុមជនសង្ស័យជាច្រើននាក់ មិនដែលស្គាល់គ្នាផង ជិះម៉ូតូមកធ្វើសកម្មភាពកាប់ជនរងគ្រោះ រួចនាំគ្នាជិះគេចខ្លួនបាត់ស្រមោល។ ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែអកុសលស្លាប់។
សូមបញ្ជាក់៖ ក្រោយសាច់ញាតិជនរងគ្រោះដាក់ពាក្យបណ្ដឹង រំលងបានប្រហែល ៨ថ្ងៃ ក្រុមកម្លាំងសមត្ថកិច្ចកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ រួមទាំងវត្ថុតាង កាំបិតខ្វែវមួយដើម។ បន្ទាប់ពីឃាត់ខ្លួន និងធ្វើការសាកសួរពួកគេឆ្លើយសារភាពថា ពិតជាបានប្រព្រឹត្តសកម្មភាពជិះម៉ូតូ ដេញកាប់ទៅលើជនរងគ្រោះប្រាកដមែន៕
មតិយោបល់