ផ្ទះ ព័ត៌មានជាតិ បុរសម្នាក់បើក...

បុរសម្នាក់បើកបរក្នុងស្ថានភាពងងុយដេក បណ្ដាលឲ្យបុករះម៉ូតូ ២គ្រឿង និងរថយន្ត មនុស្សស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់

0

កំពង់ចាម: នៅវេលាម៉ោង ៥និង០០នាទីល្ងាចថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតក្រោមស្ពានគីហ្សូណា ភូមិទី៣ សង្កាត់វាលវង់ ក្រុង/ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ។

រថយន្តបង្កម៉ាក លុចស៊ីស RX300 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ចាម 2A-7297 បើកបរដោយឈ្មោះ អ៊ុក សុបញ្ញា ភេទប្រុស អាយុ ៤០ឆ្នាំ (ឃាត់ខ្លួន) ជនជាតិខ្មែរ ទីលំនៅភូមិទី៦ សង្កាត់វាលវង់ ក្រុង/ខេត្តកំពង់ចាម។
ម៉ូតូម៉ាក វ៉េវហាន់ហ្វា ពណ៌ស្លែ ពាក់ផ្លាកលេខគ្មាន ម្ចាស់ឈ្មោះ យ៉ន យឿន ភេទប្រុស អាយុ ៧៣ឆ្នាំ (ស្លាប់) ជាតិខ្មែរ រស់នៅភូមិរលៀក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តបង្កធ្វើដំណើរពីត្បូងទៅលិច និងបានបត់ឆ្វេងបុកអ្នកដើររើសចុងអំពៅស្លាប់ ហើយរថយន្តមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាក Zoomer X ពណ៌ក្រហម គ្មានពាក់ផ្លាកលេខ អ្នកបើកបរឈ្មោះ សុគន្ធ យុទ្ធិកា ភេទស្រី អាយុ ១៨ឆ្នាំ (រងរបួសធ្ងន់) ជាតិខ្មែរ នៅភូមិរលៀក ឃុំអំពិល ស្រុកកំពង់សៀម រួចបន្តទៅប៉ះរថយន្តម៉ាក នីសាន់ ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2AQ-1165 បើកបរដោយឈ្មោះ ឡាច យុនណែត ភេទស្រី អាយុ ៣៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិឈូកសណ្តល់ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលកំពុងធ្វើដំណើរពីកើតទៅលិច បណ្ដាលឲ្យរងការខូចខាត។

មូលហេតុ៖ តៃកុងរថយន្តងងុយដេក។

ក្រោយពីកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង វាស់វែងយកវត្ថុតាងទៅរក្សាទុក នៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ដើម្បីកសាងបែបបទ និងដោះស្រាយតាមនីតិវិធី ចំពោះសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួស បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំណែកតៃកុង ឃាត់ខ្លួនយកទៅសាកសួរនាំបន្តនៅប៉ុស្តិ៍រដ្ឋបាលស្រុក៕

មតិយោបល់