ព័ត៌មានជាតិ

ករណីប្រទះឃើញរថយន្ដ ២គ្រឿង ចតចោលនៅក្នុងបុរី ហុក ឆេង ជាង ១ខែមកហើយ មានបងប្អូនណាបាត់ទេ?

ភ្នំពេញ: នៅថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ៩និង៣០នាទីព្រឹក កម្លាំងនគរបាលប៉ុស្តិ៍ដង្កោដឹកនាំដោយលោកវរសេនីយ៍ត្រី តុន មូនី នាយប៉ុស្តិ៍ដង្កោបានល្បាតមកដល់ក្នុងបុរីហុកឆេង ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានប្រជាពលរដ្ឋ បានមករាយការណ៍ប្រាប់សមត្ថកិច្ចថា មានរថយន្ត ២គ្រឿង បានចតទុកចោលនៅក្នុងបុរីយូរហើយមិនឃើញមានម្ចាស់មកយកវិញទេ ៖

១-រថយន្តម៉ាក NISSAN ស៊េរី 2005 ពណ៌ប្រផេះ ផ្លាកលេខ ភ្នំពេញ 2AD-7602 បានចតទុកចោលរយ:ពេលជិត ០១ខែជាងហើយ។
២-រថយន្តម៉ាក CAMRYស៊េរី2003 ពណ៌ប្រផេះ ផ្លាកលេខ ភ្នំពេញ 2R-5952 បានចតទុកចោលរយ:ពេល ០៧ថ្ងៃហើយនៅក្នុងបុរីហុក ឆេង នេះ។

ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ច បានចុះសាកសួរអ្នកជិតខាងនៅក្នុងបុរី ហើយពុំមានអ្នកណាបានដឹង និងស្គាល់ម្ចាស់រថយន្ដឡើយ ទើបកម្លាំងបានសហការជាមួយលោកមេភូមិម័ល និងមេការបុរីហុក ឆេង ព្រមទាំងធ្វើកំណត់ហេតុចាប់យករថយន្តទាំង ២គ្រឿងខាងលើ យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ រង់ចាំម្ចាស់រថយន្ដដែលមានឯកសារគ្រប់គ្រាន់មកទទួលយកវិញ។

ប្រសិនបើបងប្អូនប្រជាពលរដ្ឋណា បានដឹងឬបានស្គាល់ម្ចាស់រថយន្ដនេះ ឬម្ចាស់ដើមបានដឹង សូមទំនាក់ទំនងមកលេខទូរស័ព្ទ ០១២ ៧២៧ ៣៥៨ ដើម្បីមកទទួលយករថយន្ដខាងលើវិញ៕

មតិយោបល់