ឆ្នាំ២០២០ឆ្នាំនេះ អាចចាត់ទុកថាជាឆ្នាំហុងស៊ុយរបស់តារាចម្រៀង និង ពិធីករ លោក បញ្ញា សិទ្ធិ ដោយលោកត្រូវបានផលិតករ ទាក់ទងអោយសម្ដែងភាពយន្តដល់ទៅ៣រឿងបណ្ដាក់គ្នាតែម្ដង ខណៈដែល២រឿងគឺលោកជាតួឯក ហើយមួយរឿងមុននេះ ជាតួរង ប៉ុន្តែជាភាពយន្តដែលជាស្នាដៃរបស់ផលិតករល្បី។ នេះជាការស្ទុះឡើងរបស់តារាកូនកាត់ឡាវ និងកាត់ពូជសាសន៍កូឡារូបនេះ បន្ទាប់ពីមួយរយៈមុន លោកជួបព្យុះភ្លៀង។
ភាពយន្តដែលលោកទទួលបាននៅដើមឆ្នាំ២០២០នេះ គឺសុទ្ធតែជាភាពយន្តខ្លាំងៗតែម្ដង ដោយសូម្បីតែអ្នកសិល្បៈ ដែលធ្លាប់កាច់កុងជាមួយលោក ក៏ភ្លាត់មាត់ថា មិននឹកស្មានលោកមានយីអ៊ុនក្រោយដួលសន្លប់ទីផ្សារដល់ម្លឹងនោះដែរ។ ភាពយន្តទាំង៣ដែលលោកក្ដោបក្ដាប់នោះរួមមាន រឿង”ទាសករលុយ” ជាភាពយន្តភាគប្រចាំនៅប៉ុស្តិ័លេខ៥ ដែលជាភាពយន្តក្រោមការផលិតរបស់ក្រុមផលិតករថៃយ៉ាងកាលីបទៅទៀត។ ក្នុងរឿងនេះ លោកគឺជាតួឯក ដោយដើរតួជាបុរសអ្នកមាន និងជាភាពយន្តដែលកំពុងដំណើរការថត។ ភាពយន្តមួយទៀត គឺរឿង “ឪពុកក្មេករើសកូនប្រសារ” ជាភាពយន្តរបស់ទូរទស្សន៍ CTN ដែលភាពយន្តនេះ កំពុងដំណើរថតដូចគ្នា និងជារឿងដែលលោកសម្ដែងជាតួឯងផងដែរ។
ដោយឡែកសម្រាប់ភាពយន្តទី៣ក្ដៅៗ គឺរឿង”រសជាតិអ្នកមាន” ជាស្នាដៃផលិតរបស់អ្នកស្រី ពាន់ ភួងបុប្ផា និងជារឿងដែលគ្រោងដាក់ផ្សាយ នៅលើទូរទស្សន៍ PNN។ ភាពយន្តនេះ លោកសម្ដែងតួរងទេ ប៉ុន្តែសម្រាប់សាច់រឿង និងការចម្រុះដោយតារាល្បីៗ បើទោះជាលោកលេងត្រឹមតួរង ក៏ពិតជាមុខមាត់ណាស់ដែរ ខណៈដែលស្នាដៃរបស់អ្នកស្រី ពាន់ ភួងបុប្ផា និង ក្រោមការផលិតរបស់ PNN គឺសម្ដែងត្រឹមជាតួរាយរង ក៏មិនងាយមានឱកាស។
លោក បញ្ញា សិទ្ធិ និយាយថាលោកពិតជាមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ដែលបើកឆាក២០២០ភ្លាម លោកក៏ក្លាយជាតារាសម្ដែងមួយរូប ដែលមានទីផ្សារគួរអោយកត់សម្គាល់បែបនេះ។ លោកថាភាពយន្តទាំង៣ សុទ្ធតែជារឿងដែលលោកយល់ថា នឹងជួយអោយកេរ្តិ៍ឈ្មោះរបស់លោកស្ទុះឡើង ស្របពេលដែលការងារចេញច្រៀងបង្អួតក្បាច់រាំ និង ការងារពិធីកររបស់លោកក៏ឈានឡើង មិនសូវមានពេលសម្រាក។ លោកថាឆ្នាំ២០២០នេះ ដ្បិតថាលោកមានរឿងកង្វល់ ជុំវិញម្ដាយឈឺ ប៉ុន្តែសម្រាប់ទីផ្សារសិល្បៈ គឺចង់ល្អជាងឆ្នាំកន្លងមកនោះផង។ លោកក៏ប្រកាសក្ដោបក្ដាប់ទីផ្សារទាំងសម្ដែង ទាំងចម្រៀង និងទាំងពិធីករអោយជោគជ័យព្រមគ្នាផងដែរ៕
មតិយោបល់