ព័ត៌មានជាតិ

ចោរអស់លក្ខណ៍ ចេញធ្វើសកម្មភាពចំថ្ងៃស៊យ ត្រូវពលរដ្ឋក្របួចចាប់ជាប់ ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ: ជនសង្ស័យចំនួន២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីម្នាក់ ដែលកំពុងជិះម៉ូតូតាមដងផ្លូវ បានសម្រេច នៅចំណុចខាងក្រោមផ្សារទំនើបមីតថោន តាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ភ្លាមៗនោះ ជនសង្ស័យ បានព្យាយាមបើកម៉ូតូ ជិះគេចខ្លួន តែត្រូវប្រជាពលរដ្ឋ ជិះដេញតាម និងចាប់បាន ត្រង់ចំណុចខាងមុខផ្ទះសំណាក់ក្អមមាស តាមបណ្ដោយផ្លូវបេតុង ក្នុងភូមិអ័រគីដេ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ កាលពីវេលាម៉ោង ៨និង១០នាទីយប់ថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២០។

ជនសង្ស័យទី១ឈ្មោះ សេច វុទ្ធី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ និងទី២ឈ្មោះ ព្រុំ សា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

ដំណើររឿង៖ នៅមុនកើតហេតុ ក្រុមជនសង្ស័យ បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅលាយក្រហម ពាក់ផ្លាកលេខ ភ្នំពេញ1L-9611 ធ្វើដំណើរដឹកគ្នា តាមបណ្ដោយបេតុង ក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ ជនសង្ស័យឈ្មោះ សេច វុទ្ធី ជាអ្នកបើកម៉ូតូ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ១គ្រឿង មិនចាំម៉ាកពីស្ត្រី មិនស្គាល់អត្តសញ្ញាណម្នាក់ ដែលកំពុងបើកម៉ូតូ១គ្រឿង មិនចាំម៉ាក ក្នុងទិសដៅស្របទិសគ្នា បានសម្រេច បន្ទាប់មកក្រុមជនសង្ស័យ បានបន្ថែមល្បឿន បើករត់គេចខ្លួន ចេញពីកន្លែងកើតហេតុ។

ភ្លាមៗនោះ ក៏មានប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ បានជួយជិះដេញតាមពីក្រោយ រហូតទៅដល់ខាងមុខផ្ទះសំណាក់ក្អមមាសខាងលើ ក្រុមជនសង្ស័យ ក៏ត្រូវប្រជាពលរដ្ឋស្ទាក់ចាប់បាន រួចប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ សេច វុទ្ធី បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីខាងលើប្រាកដមែន ប៉ុន្ដែរូបគេ មិនបានមើលថា ជាទូរស័ព្ទដៃម៉ាកអ្វីនោះទេ។ ដោយភ័យស្លន់ស្លោខ្លាំងពេក ខណ:ពេលដែលជិះរត់គេចខ្លួន ទៅដល់ស្តុបណូគា ក៏បានរបូតជ្រុះទូរស័ព្ទ ដែលធ្វើសកម្មភាពឆក់នោះ ចេញពីដៃរបស់គេបាត់។

ប្រភពដដែល បន្ដថាកាលពីប្រមាណ៣ថ្ងៃមុនថ្ងៃកើតហេតុ រូបគេក៏បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ១គ្រឿង ពីលោកយាយម្នាក់ កំពុងបណ្ដើរកង់ តាមដងផ្លូវនៅស្តុបលូ៥បានសម្រេច។

ដោយឡែកជនសង្ស័យឈ្មោះ ព្រុំ សា ដែលជាអ្នករួមដំណើរពីក្រោយ បានឆ្លើយបដិសេធថា រូបគេមិនបានរួមគំនិត ជាមួយជនសង្ស័យខាងលើនោះទេ គឺដោយនៅមុនកើតហេតុ ជនសង្ស័យ បានបបួលរូបគេ មករាំលេងកម្សាន្ត នៅក្លឹបផ្លេយ៍ តែបែរមិននឹកស្មានថា ជនសង្ស័យ ទៅធ្វើការសកម្មភាពឆក់ទូរស័ព្ទដៃរបស់គេយ៉ាងដូច្នេះសោះ។

ក្រោយកើតហេតុជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាង ត្រូវសមត្ថកិច្ចនាំខ្លួនយកទៅធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូបែកក្អម ដើម្បីកសាងសំណុំរឿង បញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វើការចាត់ការទៅតាមនីតិវិធីច្បាប់៕

មតិយោបល់