ព័ត៌មានជាតិ

PassApp បើកលឿនដូចហោះគេចពីរថយន្តទៅបុករ៉ឺម៉ក បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់

តាកែវ: កាលពីវេលាម៉ោង ៦ និង ៥៤នាទី ថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង លើផ្លូវក្រាលកៅស៊ូ ស្ថិតភូមិព្រៃផ្ដៅត្បូង ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ដំណើររឿង៖ មុនពេលកើតហេតុ មានម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ តាកែវ 1B-2513 បើកបរដោយឈ្មោះ តឿន សុកុលា ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងអង្គ ឃុំកំពែង ស្រុកព្រៃកប្បាស ទិសដៅពីត្បូងទៅជើង បើកបរក្នុងល្បឿនលឿនខណ:មកដល់ចំណុចខាងលើបានជៀសពីរថយន្តមួយគ្រឿង ក៏ជ្រុលទៅបុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉កម៉ាក សង់កូរេ ពណ៌ក្រហម គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ឃិន បូរី ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរកសិករ​ រស់នៅភូមិព្រៃផ្ដៅត្បូង ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស បណ្ដាលឲ្យរបួសធ្ងន់ចំណែកអ្នកបើកម៉ូតូកង់បីឥណ្ឌារបួសស្រាល។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយគ្នាតាមច្បាប់ ចំណែកអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់