ព័ត៌មានជាតិ

រថយន្តសណ្តោងរ៉ឺម៉កដឹកទំនិញ បើកកៀរគ្នាជាមួយរថយន្តKIA ស្របទិសរងខូចខាត

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើង រវាងរថយន្តធុនធំសណ្តោងរ៉ឺម៉កដឹកទំនិញ ជាមួយរថយន្តធុនតូចម៉ាកKIA ក្នុងដំណើរស្របទិសគ្នា បណ្ដាលឲ្យរងការខូចខាតដំណំ។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ៧ព្រឹកថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតតាមផ្លូវជាតិលេខ៤ ត្រង់ចំណុចភ្លើងស្តុប មុខសាលាវិទ្យាល័យជម្ពូវ័ន ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ដំណើររឿង៖ មុនកើតហេតុគេឃើញរថយន្តធុនតូច ម៉ាក KIA ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BE-6501 បើកបរតាមបណ្តោយផ្លូវជាតិលេខ៤ ពីលិចទៅកើត មកដល់ចំណុចភ្លើងស្តុប ពណ៌ខៀវនៅឡើយ រថយន្តKIA បានបន្តបើកគេចពីម៉ូតូ ងាកចង្កូតទៅឆ្វេងដៃ ស្របពេលនោះ ក៏មានរថយន្តធុនធំ សណ្តោងរ៉ឺម៉កដឹកអីវ៉ាន់ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 3A-1582 បើកបរស្របទិសគ្នារកផ្លូវគេច ក៏ដូចជាចាប់ហ្វ្រាំងមិនទាន់ ជ្រុលកៀរពីចំហៀងតែម្តង បណ្តាលឲ្យរថយន្តKIA រងខូចខាតដំណំ។

ក្រោយកើតហេតុ ភាគីសងខាង និយាយប្រកាន់យកត្រូវរៀងខ្លូន ធ្វើឲ្យចរាចរណ៍លើកំណាត់ផ្លូវកើតហេតុ មានការកកស្ទះ ទើបកម្លាំងនគរបាលមូលដ្ឋាន ចុះទៅអន្តរាគមន៍ ឲ្យភាគីទាំង២ សម្របសម្រួលគ្នា។ ទោះយ៉ាងណាក្តី នគរបាលឲ្យយករថយន្តទាំង២គ្រឿង ទៅដាក់កៀនខាង ដើម្បីបញ្ចៀសការកកស្ទះ ទីបំផុត ភាគីសងខាងមិនមានអ្នកឈ្នោះឬចាញ់ទ្បើយ ចុងបញ្ចប់ចាកចេញទៅរៀងៗខ្លួន៕

មតិយោបល់