ភ្នំពេញៈ នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ លើផ្លូវឧកញ៉ា ម៉ុង រិទ្ធី កែងផ្លូវហាណូយ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានករណីរថយន្តបែនដឹកដីជាន់ហ្រ្វាំងមិនជាប់ជ្រុលទៅបុករថយន្ត២គ្រឿងកំពុងឈប់ស្ដុប។
ដំណើររឿង៖ មុនកើតហេតុ មានរថយន្តបែនដឹកដីមួយគ្រឿងម៉ាក នីសាន់ ពណ៌ខៀវលាយស ពាក់ផ្លាកលេខ ចង្កូតស្តាំ PP-1439 បើកល្បឿនលឿនតាមផ្លូវ ឧកញ៉ាម៉ុង រិទ្ធី ពីកើតទៅលិច ខណៈមកដល់ចំណុចខាងលើ ជាន់ហ្រ្វាំងមិនជាប់ក៏ជ្រុលទៅបុករថយន្តកំពុងឈប់ស្តុបចំនួន២គ្រឿង ទិសដៅពីកើតទៅលិច រថយន្តទី១ម៉ាក FAW ពណ៌ស្លែខ្ចី ពាក់ផ្លាកលេខ ភ្នំពេញ 2AB-4029 ជិះគ្នា២នាក់ រុញផ្ទប់ទៅនឹងរថយន្តខាងមុខម៉ាក ហ៊ីយ៉ាន់ដាយ ទ្រុង ១តោន ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 2AG-5840 ដឹកក្រដាស ហើយរថយន្តជ្រុលកៀរក្បាលនាគទ្រូងផ្លូវ ប៉ើងខ្ទាតមួយកង់ ដាច់ធ្លាក់ស្លាកសញ្ញា សំណាងមិនមានអ្នករងរបួស។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកក្រុងភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ខណៈពេលដែលរថយន្តដឹកក្រដាសសុំមិនទាមទាសំណងហើយបើកចេញទៅ៕





មតិយោបល់