សៀមរាបៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង៣ និង ៤៥ទីទៀបភ្លឺ កម្លាំងអធិការដ្ឋាននគរបាលស្រុកបានបង្ក្រាបករណីចោរកម្មលួចគោ២ក្បាល ស្ថិតភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ជនសង្ស័យ០២នាក់រួមមាន៖
១/ឈ្មោះ សៅ ភ្លឿយ ភេទប្រុស អាយុ ៤៤ ឆ្នាំ ភូមិត្រាវគៀត ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។
២/ឈ្មោះ សំ ជា ភេទប្រុស អាយុ ៥០ ឆ្នាំ ភូមិបាតត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។
ដំណើររឿង៖ នៅវេលាកើតហេតុ កម្លាំងនគរបាលចេញល្បាត ក៏ប្រទះឃើញ ម៉ូតូសណ្តោងរ៉ឺម៉ក ០១គ្រឿង ម៉ូតូស៊ុម័រ ពណ៌ក្រហម០១គ្រឿង ដឹកគោមេ ចំនួន០២ក្បាល និងបើកបរដោយជនសង្ស័យទាំងពីរនាក់ បន្ទាប់មកសមត្ថកិច្ចបានធ្វើការសាកសួរជនសង្ស័យសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពលួចគោ នៅភូមិលលៃពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធីច្បាប់បន្ត៕
មតិយោបល់