ព័ត៌មានជាតិ

ពលរដ្ឋរិះគន់លោក យិន សាន អធិការខណ្ឌចំការមន​ គ្មានសមត្ថភាព ទប់ស្កាត់ចោរប្លន់ ឆក់ លួច ក្នុងមូលដ្ឋានបានទេ

ភ្នំពេញៈ កាលពីម៉ោង ១២អធ្រាត្រថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវ១៦៣កែងនឹងផ្លូវ៤៥៦ ស្ថិតក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីបុរសម្នាក់ ត្រូវក្រុមសង្ស័យ វាយប្លន់យកទូរស័ព្ទ និងកាបូបលុយ យកទៅបាត់ដោយសុវត្ថិភាព។

ជនរងគ្រោះឈ្មោះ សុខ ហេង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបកប្រែភាសាចិន ស្នាក់នៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន។
សម្ភារៈបាត់បង់រួមាន៖
-ទូរស័ព្ទម៉ាក iphone11pro ១គ្រឿង
-កាបូបដែលមានលុយមួយចំនួន។

តាមប្រភពពីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ មិត្តភក្ដិគាត់ បានទូរស័ព្ទហៅគាត់ ទៅញុំាអីនៅក្រៅ ហើយពេលនោះ គាត់ក៏បានដើរចេញពីផ្ទះ តាមបណ្ដោយផ្លូវ៤៥៦ ពីកើតទៅលិច ដោយដើរបណ្តើរនិយាយទូរស័ព្ទបណ្ដើរ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខក្រុមជនសង្ស័យចំនួន៤នាក់ ជិះម៉ូតូ២គ្រឿងមួយគ្រឿងម៉ាកស្កុបពី និងមួយគ្រឿងទៀត មិនចាំម៉ាក បានមកធ្វើសកម្មភាពវាយរូបគាត់១ដៃ រួចលូកយកកាបូបលុយ ក្នុងហោប៉ៅខាងក្រោយ ខណៈបក្ខពួកម្នាក់ទៀត ឆក់ទូរស័ព្ទពីរូបគាត់ បានសម្រេច ហើយពួកគេក៏នាំគ្នា ជិះម៉ូតូរត់គេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ច បានមកដល់ទីតាំងខាងលើ រួចដឹកជនរងគ្រោះយកទៅសាកសួរ និងដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលទំពូង១ ដើម្បីចាត់ការតាមផ្លូវច្បាប់។

សូមបញ្ជាក់៖ ករណីខាងលើនេះ ប្រជាពលរដ្ឋបានរិះគន់លោក យិន សាន អធិការនគរបាលខណ្ឌចំការមន គ្មានចំណាត់ការទប់ស្កាត់បទល្មើស ក្នុងមូលដ្ឋានបានទាល់តែសោះ ជាក់ស្ដែងបញ្ហាចោរឆក់ គាស់ផ្ទះ និងទ្បានចតលើចិញ្ចើមផ្លូវ បង្កការកកស្ទះរាល់ល្ងាច មិនដែលឃើញមន្ត្រីជំនាញណា ចុះរដ្ឋបាលធ្វើការអប់រំទេ ឃើញតែទ្បានស្ទូច បើកអើតតាមហាងលក់គុយទាវ លូកដៃចេញមកក្រៅ រួចក៏បើកហួសទៅបាត់ ធ្វើអត់ឃើញទ្បានម៉ូតូចតលើផ្លូវ ឬមួយសង្ស័យបានផលប្រយោជន៍ អ្វីមួយហើយបានជាមិនអើពើបែបនេះ។

ជាងនេះទៅទៀត ពលរដ្ឋក៏សំណូមពរលោកអធិការ ជួយជំរុញតាមប៉ុស្តិ៍នីមួយៗ ឲ្យមានការល្បាតដល់យប់ជ្រៅផង កុំអាងមេឃត្រជាក់ រត់ចូលសម្ងំប៉ុស្តិ៍បាត់អស់ ដល់តែមានបទល្មើសកើតទ្បើង តាំងឆ្លើយដាក់គ្នាទៅវិញទៅមក ធ្វើឲ្យពលរដ្ឋអស់ជំនឿទុកចិត្ត តើភូម-ឃុំមានសុវត្ថិភាពនៅត្រង់ណាទៅ បើលោកអធិការគ្មានសមត្ថភាព បង្ក្រាបបទល្មើស ក្នុងមូលដ្ឋានបានផង៕

មតិយោបល់