ព័ត៌មានជាតិ

Update៖ គេចសម្ងំលាក់ខ្លួន មិនបានមួយថ្ងៃផង ត្រូវសមត្ថកិច្ចក្របួចជាប់ ករណី ប្រើល្បិចទៅទិញម៉ូតូសុំសាកបែរជាជិះទៅបាត់

ភ្នំពេញៈ ជនសង្ស័យប្រុសស្រីចំនួន៣នាក់ ជួលម៉ូតូកង់បី PassApp ជិះទៅរកទិញម៉ូតូ នៅហាងលក់ម៉ូតូគ្រប់ប្រភេទយីហោ «រស្មីហេងឆាយច្រិច» ស្ថិតនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយបានប្រើល្បិចសុំសាកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១៩ រួចក៏ជិះយកទៅបាត់ ម្ចាស់ចាំយូរពេក ក៏ឃាត់បក្ខពួក២នាក់ នាំយកមកនៅប្តឹងនគរបាល កាលពីវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០។

ជនសង្ស័យឈ្មោះ ប៊ុន សេង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកនារី២នាក់ ដែលជាអ្នកចាញ់បោកជនសង្ស័យ លួងឲ្យជូនមកទិញម៉ូតូនោះ៖

ទី១ឈ្មោះ យន សុចាន់ អាយុ៣២ឆ្នាំ មុខរបរបម្រើការ ក្នុងខាងរ៉ាអូខេ ស្នាក់នៅជិតផ្សារបេសេ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ
ទី២ឈ្មោះ ម៉ៅ ស្រីមុំ ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរបម្រើការខារ៉ាអូខេមួយកន្លែង នៅផ្លូវ៣៧១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ មានស្រុកកំណើត នៅខេត្តកំពង់ចាម។

ជនរងគ្រោះឈ្មោះ ទ្រី មួយចេង ភេទស្រី អាយុ២១ឆ្នាំ មុខរបរលក់ម៉ូតូ នៅកន្លែងកើតហេតុ។ ម៉ូតូដែលជនសង្ស័យ យកទៅបាត់នោះ ម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ធំ 1M-1615 ។

តាមការរៀបរាប់ពីជនរងគ្រោះ បានឲ្យដឹងថា ជនសង្ស័យខាងលើ បានមករកទិញម៉ូតូ នៅហាងខ្លួន ២ទៅ៣ថ្ងៃមកហើយ តែមិនត្រូវថ្លៃ។ លុះមកដល់ថ្ងៃកើតហេតុ ស្រាប់តែឃើញមកម្តងទៀត ដោយមានគ្នា៣នាក់ ក្នុងនោះមានប្រុសម្នាក់ បានជិះម៉ូតូកង់បី PassApp ដើរចូលក្នុងហាង ហើយបានសួររកទិញម៉ូតូហុងដាឌ្រីម។

ប្រភពដដែលបន្ដថា ពេលនោះ ជនសង្ស័យ ក៏សុំមើលម៉ូតូ ម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ធំ 1M-1615 ហើយសុំសាកកម្លាំងម៉ូតូថែមទៀត។ ដោយសារម្ចាស់ហាង ឃើញមានបក្ខពួកនៅទីនោះ ធានាទើបគាត់ឲ្យសោម៉ូតូជិះសាក។
ពេលបានសោ ជនសង្ស័យ ជិះទៅបាត់ ម្ចាស់ចាំយូរពេក មានការសង្ស័យ ក៏ឃាត់ស្ត្រី២នាក់ ដែលជាបក្ខពួក នាំយកមកប្តឹងសមត្ថកិច្ចតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានសារភាពថា ខ្លួនទើបតែស្គាល់បុរសជាជនសង្ស័យចំនួន២ថ្ងៃទេ ដោយសារជនសង្ស័យ ចូលទៅផឹកស៊ីនៅកន្លែងហាង ដែលខ្លួនធ្វើការ ហើយជនសង្ស័យ ក៏បានសុំឲ្យពួកគេ ជូនមករកទិញម៉ូតូ មិននឹងស្មានថា បែរជាមកជួបរឿងបែបនេះទៅវិញ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យខាងលើ ជាមុខសញ្ញាចាស់ ធ្លាប់ធ្វើសកម្មភាពបែបនេះ ជាញឹកញាប់។ រហូតទៅដល់វេលាម៉ោង ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ ត្រូវបានជនរងគ្រោះ ប្រទះឃើញជនសង្ស័យ ចូលលេងល្បែងកាស៊ីណូណាហ្គា ទើបចាប់ប្រគល់ជូននគរបាល ចាត់ការតាមច្បាប់។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំចាត់ការតាមផ្លូវច្បាប់។ ដោយឡែកនារី២នាក់ ដែលចាញ់ល្បិចជនសង្ស័យ ត្រូវបាននគរបាល ធ្វើការអប់រំ រួចដោះលែងឲ្យត្រទ្បប់ទៅផ្ទះវិញ៕

មតិយោបល់