ព័ត៌មានជាតិ

បុរស៣នាក់របួសធ្ងន់ បន្ទាប់ពីជិះម៉ូតូទៅបុករថយន្តពេញទំហឹង

ភ្នំពេញៈ កាលពីវេលាម៉ោង ២ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ខាងលិចព្រលានយន្តហោះពោធិ៍ចិនតុង ស្ថិតសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង។

ដំណើររឿង៖ មុនពេលកើតហេតុ មានរថយន្ត១គ្រឿងម៉ាក ហាយឡិនឌ័រ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2K-2328 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង បើកបរដោយបុរសម្នាក់និងរួមដំណើរដោយស្ត្រីម្នាក់ ទិសដៅពីជើងទៅត្បូងឆ្លងមកផ្លូវសហព័ន្ឋរុស្ស៊ី ខណៈដល់ចំណុចកើតហេតុក៏មានម៉ូតូមួយគ្រឿងម៉ាក ឌ្រីមសង់ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IA-0718 មានគ្នា៣នាក់ ទិសដៅពីកើតទៅលិចចាប់ហ្វ្រាំងមិនទាន់ជ្រុល ក៏ទៅបុករថយន្តចំពាក់កណ្ដាល ចំហៀងខាងឆ្វេងពេញទំហឹង ដួលបោកនឹងថ្នល់ បណ្ដាលឲ្យរងរបួសធ្ងន់ទាំង ៣នាក់ត្រូវបានរថយន្តសង្គ្រោះ បន្ទាន់បញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ៕

មតិយោបល់