បាត់ដំបងៈ កាលពីវេលាម៉ោង ២១ និង១០នាទីថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ២០២០ ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប សហការជាមួយកម្លាំងការិយាល័យជំនាញ ចុះធ្វើការនាំខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សា ដោយចេតនាមានស្ថានទម្ងន់ យកខ្សែក្រវាត់រឹត.ក និងវាយជនរងគ្រោះចំនួន២ដៃ បណ្ដាលឲ្យថ្ងាស់ខាងឆ្វេង (ពក) ជាំត្រង់ (ក) ទាំងសងខាង។
ជនសង្ស័យឈ្មោះ សៀវ រដ្ឋា ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិអន្សងសក ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ជនរងគ្រោះឈ្មោះ ដន ផល្លាភេទស្រី អាយុ ២៣ ឆ្នាំ មានទីលំនៅភូមិអន្សងសកឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
សម្ភារៈដកហូតរួមមាន
១ ពូថៅ ចំនួន ០២ ដើម
២ ខ្សែក្រវាត់ ចំនួន ០១ ខ្សែ
ដំណើររឿង៖ នៅចន្លោះវេលាម៉ោង ២១ និង០០នាទីថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីហិង្សាដោយចេនា មានស្ថានទម្ងន់ទោស មួយកើតឡើងនៅចំណុចផ្ទះសំណាក់ យីហោ ពន្លឺពេជ្រ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយជនសង្ស័យ បានតេហៅជនរងគ្រោះ ដែលជាប្រពន្ធ ឲ្យមកជួបគ្នា នៅក្នុងផ្ទះសំណាក់ រួចបានធ្វើសកម្មភាព វាយចំនួន ០២ ដៃ និងយកខ្សែក្រវាត់រឹត.ក ទៅលើជនរងគ្រោះ។
ក្រោយកើតហេតុជនសង្ស័យ បានរើស ពូថៅចំនួន ០២ ដើម កាប់ទៅលើម៉ូតូ ០១ គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី ឆ្នាំ ២០១៨ របស់ប្រជាពលរដ្ឋ ដើម្បីគំរាមមកលើសមត្ថកិច្ច។
បច្ចុប្បន្នការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កំពុងតែរៀបចំសំណុំរឿង ព្រមទាំងវត្ថុតាង ដើម្បីបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់