ភ្នំពេញៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បន្ទាប់ពីមានរថយន្ដមិនស្គាល់ម៉ាកមួយគ្រឿង បើកបរក្នុងល្បឿនលឿនដូចហ៉ ជ្រុលទៅបុកម៉ូតូម៉ាកMSX ពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ ផ្លោងពីលើម៉ូតូដួលបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ចំណែករថយន្តបង្កបើករត់បាត់ស្រមោល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ គឺសមត្ថកិច្ចបានឆែកទៅលើខ្លួនជនរងគ្រោះឃើញមានប័ណ្ណបើកបរមួយ ដែលមានឈ្មោះ ញ៉ែត ប៉ុនលន ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅក្នុងសង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលសមត្ថកិច្ចសន្និដ្ឋានថា ជាឈ្មោះនិងស្រុកកំណើតរបស់សពជនរងគ្រោះ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែងនិងនាំយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោរង់ចាំក្រុមគ្រួសារមកទទួល ។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ឲ្យរថយន្តសាមុយដឹកសាកសពយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំសាច់ញាតិជនរងគ្រោះឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់