ព័ត៌មានជាតិ

ស្រីស្រស់បម្រើការក្នុងខារ៉ាអូខេម្នាក់ ត្រូវកម្លាំងនគរបាលឃាត់ខ្លួន ករណីលួចទូរស័ព្ទមន្រ្ដីរាជការ

ភ្នំពេញ: កម្លាំងនគរបាលឃាត់ខ្លួននារីម្នាក់ស្ដីពីករណី លួច (យកទូរស័ព្ទ) នៅចំណុចក្នុងតូបលេខ១០៨C2 ក្នុងផ្សារអូឡាំពិក ផ្លូវ២៨៦ ក្រុមទី១០ ភូមិ២ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២០ វេលាម៉ោង ១២និង៤០នាទី។

ជនសង្ស័យឈ្មោះ ម៉េង សុគន្ធារី ភេទស្រី អាយុ ២៨ឆ្នាំ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ បម្រើការក្នុងខារ៉ាអូខេ

វត្ថុតាងចាប់យករួមមាន៖ ទូរស័ព្ទ ២គ្រឿង (ម៉ាកIphone XS MAS ពណ៌ទឹកមាស លេខស៊ីម 092 333 169, ម៉ាកIphone XS MAS ពណ៌ទឹកមាស លេខស៊ីម 012 941 955) ។

ចំពោះវត្ថុតាងទូរស័ព្ទ២គ្រឿងខាងលើ បានប្រគល់ទៅឲ្យជនរងគ្រោះវិញតាមការស្នើសុំដោយមានការអនុញ្ញាតពីលោក ស៊ិន វីរ: ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ យិន លាង ភេទប្រុស អាយុ ៣៩ឆ្នាំ ស្នាក់នៅផ្ទះលេខ១៤ ផ្លូវលេខ៤ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរមន្រ្ដីរាជការ។
-ឈ្មោះ សុខ លីន ភេទស្រី អាយុ ២៥ឆ្នាំ ស្នាក់នៅផ្ទះលេខ១៩ ផ្លូវ៣៨៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ១២និង១០នាទី ជនសង្ស័យ ចេញពីផ្សារអូឫស្សីគោលបំណងមកផ្សារអូឡាំពិក ពេលមកដល់ផ្សារអូឡាំពិកជនសង្ស័យបានឡើងទៅជាន់ទី២ ក្នុងផ្សារអូឡាំពិក ដោយបានដើរទៅតូបលក់ខោអាវមួយលេខ១០៨C2 សួររកទិញខោអាវ ប៉ុន្ដែមិនបានទិញខោអាវឃើញទូរស័ព្ទរបស់ជនរងគ្រោះឈ្មោះ យិន លាង ភេទប្រុស អាយុ ៣៩ឆ្នាំ ម៉ាក Iphone XS MAS ពណ៌ទឹកមាស លេខស៊ីម 092 333 169 ដែលកំពុងសាកថ្មទុកចោលឆ្លៀតឱកាសល្អ ជនសង្ស័យក៏បានលួចទូរស័ព្ទនោះបានសម្រេច រួចដើរចេញបានប្រហែលបន្ដិច ត្រូវជនរងគ្រោះក្រឡេកឃើញទាន់រត់ដេញចាប់បាន ក្រោយមកជនរងគ្រោះក៏បានប្រគល់ជនសង្ស័យឲ្យសន្ដិសុខផ្សារអូឡាំពិក បន្ទាប់មកសន្កិសុខផ្សារអូឡាំពិកក៏បានបញ្ជូនជនសង្ស័យរួម និងវត្ថុតាងប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលអូឡាំពិក ដើម្បីសាកសួរតែម្ដង។

ចំពោះជនសង្ស័យខាងលើបានធ្វើសកម្មភាពលួចទូរស័ព្ទមួយគ្រឿងទៀតពីជនរងគ្រោះឈ្មោះ សុខ លីន ភេទស្រី អាយុ ២៥ ឆ្នាំ ម៉ាក Iphone XS MAS ពណ៌ទឹកមាសនៅចំណុចក្នុងតូបលេខ១៤៤ ក្នុងផ្សារអូរឫស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាតខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្ដ៕

មតិយោបល់