ភ្នំពេញៈ បន្ទប់ឈើប្រក់ស័ង្កសីចំនួន៤បន្ទប់ នៅក្នុងផ្ទះសំណាក់ «ឃីហេង» ត្រូវបានអណ្តាតភ្លើងឆេះរាលដាល បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩និង១៥នាទីយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះលេខ98E0 ជាន់ទី៣ផ្លូវលេខ៨១ ក្រុមទី៤០ ភូមិ១០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។
ម្ចាស់ផ្ទះសំណាក់ឈ្មោះ ពៅ ហុង ភេទប្រុស អាយុ៤៩ឆ្នាំ។
ដំណើររឿង៖ នៅមុនកើតហេតុ បន្ទប់ខាងលើ គ្មានភ្លៀវចូលសម្រាកទេ ដោយពេលនោះ ស្រាប់តែគេឃើញ មានផ្សែងហុយខ្មួលខ្មាញ់ ចេញពីក្នុងបន្ទប់ជាន់ទី៣។ មួយសន្ទុះក្រោយមក ក៏មានលេចចេញជាអណ្ដាតភ្លើងឆាបឆេះ ក្នុងបន្ទប់កើតហេតុតែម្ដង បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ នាំគ្នារាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គិភ័យ ឲ្យចុះអន្តរាគមន៍បាញ់ទឹកពន្លត់ ខណៈដែលភ្លើង បានឆេះរាលដាលពីបន្ទប់មួយទៅបន្ទប់មួយទៀត។
ក្រោមកិច្ចអន្តរាគមន៍របស់សមត្ថកិច្ច រហូតដល់វេលាម៉ោង ៩និង៤៥នាទីយប់ថ្ងៃដដែល ទើបភ្លើងរលត់ទៅវិញជាស្ថាពរ
មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។
ក្នុងហេតុការណ៍នេះ សមត្ថកិច្ច ចេញអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យចំនួន១០គ្រឿង និងប្រើប្រាស់ទឹកបាញ់អស់ចំនួន៨គ្រឿង ក្នុងនោះមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃអគ្គស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន៨គ្រឿង បាញ់ទឹកអស់៦គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងកោះពេជ្រចំនួន២គ្រឿងបាញ់ទឹកអស់ទាំង២គ្រឿង។
សម្ភារៈខូចខាត៖ ឆេះបន្ទប់ប្រភេទឈើប្រក់ស័ង្កសីទំហំ២x២ម៉ែត្រចំនួន៤បន្ទប់អស់ទាំងស្រុង តែមិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ៕
មតិយោបល់