ភ្នំពេញៈ រថយន្តបែនកង់១០មួយគ្រឿងដឹកថ្មពេញទ្រុង ខណៈដែលបើករយ៉ែរថយក្រោយ ដើម្បីបត់ចូលក្រុមហ៊ុនលាយបេតុង ស្រាប់តែជ្រុលធ្លាក់ផ្លូវ បណ្ដាលឲ្យក្រឡាប់ចូលត្រាំក្នុងប្រឡាយទឹកស្អុយតែម្ដង សំណាងល្អអ្នកបើកបរ ពុំមានរបួស។
ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ជាប់ព្រំប្រទល់ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ ។
រថយន្តជួបគ្រោះថ្នាក់ខាងលើ ម៉ាកនីសាន់ បែនកង់១០ ពណ៌ ខៀវ ស ពាក់ផ្លាកលេខ ព្រះសីហនុ 3A-5938។
តាមសម្តីបុរសម្នាក់ ជាអ្នកបើកបររថយន្តខាងលើ បានឲ្យដឹងថា មុនកើតហេតុ រថយន្តដឹកថ្ម ធ្វើដំណើរមកពីស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដើម្បីយកថ្មមកចាក់នៅក្រុមហ៊ុនលាយបេតុង ត្រង់ចំណុចខាងលើ ហើយគ្រាដែលបើកមកដល់ខាងមុខ បានរយ៉ែរបត់ចូលទៅក្នុង ដើម្បីបែនថ្មទម្លាក់ចុះ ស្រាប់តែធ្លាក់ផ្លូវ រអិលចុះក្រឡាប់ចូលទឹកប្រឡាយបារាំងតែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចខណ្ឌសែនសុខ និងខណ្ឌមានជ័យ ចុះទៅពិនិត្យ ឃើញពុំមានបង្កឲ្យអ្នកណារងរបួស ឬខូចខាតទ្រព្យសម្បត្តិអ្នកដទៃ ពោលរងគ្រោះដោយខ្លួនឯង ទើបនគរបាលខណ្ឌមានជ័យ អនុញ្ញាតឲ្យម្ចាស់ រករថយន្តស្ទូចមកលើកយករថយន្តចេញវិញ ដោយខ្លួនឯង ៕
មតិយោបល់