ភ្នំពេញៈ មុខសញ្ញាប៉ុនប៉ងបាញ់សម្លាប់មនុស្ស នៅស្រុកបាទី ខេត្តតាកែវ និងធ្លាប់បាញ់ប្លន់យកម៉ូតូមិនញញើតដៃ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមស្រាវជ្រាវចាប់ខ្លួនបាន ២នាក់។
លោកវរសេនីយ៍ឯក ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបជនសង្ស័យទាំង ២នាក់នេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ចំណុចផ្លូវជាតិលេខ៣ មុខកងពលតូចលេខ៧០ ស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាមលោកវរសេនីយ៍ឯក ជាវ វិបុល ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមការណែនាំពី លោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដាក់បទបញ្ជាឲ្យកម្លាំងជំនាញរបស់នាយកដ្ឋាន ដឹកនាំស្រាវជ្រាវតាមបង្ក្រាប ក្រោមការសម្របសម្រួលពីលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ជាវ វិបុល បានអះអាងថា ជាលទ្ធផលនៃការស្រាវជ្រាវ កម្លាំងនគរបាលជំនាញបានចាប់ខ្លួនជនសង្ស័យ ២នាក់
១/ឈ្មោះ ថូ ថុន ហៅផូ ថុន អាយុ ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ។
២/ឈ្មោះ ផុន រិទ្ធី អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបឹងក្អែក ឃុំបន្ទាយមានជ័យ ស្រុកពាមរ ខេត្តព្រៃវែង ។
ដកហូតវត្តុតាង៖
-កាំភ្លើងចំនួន០១ដើម ម៉ាកK59 មានគ្រាប់ចំនួន០៤
-ម៉ូតូ០១គ្រឿង ម៉ាកAIR BLADE ពណ៌ខ្មៅ ពាក់ផ្លាកលេខតាកែវ1BY-1688, ដែកអក្សរ T និងថ្នាំបំពុលឆ្កែចំនួនកញ្ចប់។
យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ទោ ហែម បូណា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ជនសង្ស័យឈ្មោះ ថូ ថុន ហៅផូ ថុន បានធ្វើសកម្មភាពប៉ុនប៉ងឃាតកម្ម (ប្រើប្រាស់អាវុធ) ដោយបាញ់ទៅលើជនរងគ្រោះម្នាក់ ឈ្មោះ កង នី ចំនួន ៣គ្រាប់ បណ្ដាលឲ្យរងរបួសធ្ងន់ ហើយជនសង្ស័យបានគេចខ្លួនបាត់។
លោកវរេសនីយ៍ទោ ហែម បូណា បានបន្ដទៀតថា ដោយឡែកកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ ជនសង្ស័យក៏ធ្លាប់ធ្វើសកម្មភាពបាញ់ប្លន់ជនរងគ្រោះម្នាក់ នៅផ្លូវលំ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល ដោយយកបានម៉ូតូមួយគ្រឿងម៉ាក Dream C125 ឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង1AG-0104។ បង្កឲ្យជនរងគ្រោះរងរបួសធ្ងន់ត្រង់ជើង ដោយសារជនសង្ស័យបាញ់។
តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ថូ ថុន ហៅផូ ថុន បានបញ្ជាក់ថា រូបគេធ្លាប់ជាប់ពន្ធនាគារម្ដងរួចមកហើយ នៅខេត្តកំពត រយៈពេល ១៣ឆ្នាំ ពាក់ព័ន្ធករណីបាញ់សម្លាប់មនុស្ស។
បច្ចុប្បន្នបន្ទាប់ពីបញ្ចប់ការសួរនាំនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ជនសង្ស័យទាំង ២នាក់ ត្រូវបានប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលជាម្ចាស់ករណីចាត់ការបន្តតាមនីតិវិធី នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ៕
មតិយោបល់