ភ្នំពេញៈ បុរសបុគ្គលិកការាស់សាំងដេប៉ូតេលាម្នាក់ បានវាយបុរសចំណាស់ជាអ្នករត់កង់បី (ជនពិការ) បណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង ២និង៥០នាទីរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ភិន សំណាង ភេទប្រុស អាយុ២៥ឆ្នាំ ជាបុគ្គលិកចាក់សាំង នៅភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ចំណែកជនរងគ្រោះឈ្មោះ ចក់ ពឿន ភេទប្រុស អាយុ៦៤ឆ្នាំ ជាអ្នករត់រ៉ឺម៉កម៉ូតូកង់បីឥណ្ឌា រស់នៅភូមិគោកឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមប្រភពពីជនរងគ្រោះ បានឲ្យដឹងថា នៅមុនកើតហេតុ គាត់បានដឹកប្រពន្ធ និងកូនស្រីតូចៗ២នាក់ទៀត ទៅបង់ថ្លៃទឹកភ្លើងនៅអគ្គិសនីកម្ពុជា នៅឯអូឌឹម។ លុះពេលត្រឡប់មកវិញ ដល់ចំណុចកើតហេតុ ត្រង់ចំណុចរង្វង់មូលចោមចៅ ក៏ចូលចាក់ហ្គាសនៅការាស់សាំងខាងលើ ដោយបានប្រាប់ឱ្យគេចាក់ហ្គាសចំនួន៥លីត្រអស់ចំនួន១ម៉ឺនរៀល។ ពេលនោះ គាត់បានហុចប្រាក់ចំនួន១០$ ទៅឲ្យជនសង្ស័យ តែមិនព្រមយក ដោយសារប្រាក់នោះរហែកបន្តិច។
ពេលនោះ គាត់ ប្រាប់ឲ្យប្រពន្ធខ្លួន ចុះទៅដូរលុយ ហើយនិយាយទៅកាន់ជនសង្ស័យថា « គ្រាន់តែជាកញ្ចាស់គេសោះ លុយរហែកបន្តិច មិនព្រមយក» ធ្វើឲ្យមានការទាស់ពាក្យសម្តីគ្នា ហើយគាត់ បានទាញឈើច្រត់បម្រុង ចុះពីលើម៉ូតូកង់បី ស្រាប់តែខាងជនស្ស័យ ស្ទុះមកវាយគាត់ចំនួន៣ដៃ បណ្តាលឲ្យរងរបួសចំភ្នែក និងបែកបបូរមាត់ហូរឈាមពេញផ្ទៃមុខ។
ភ្លាមៗនោះប្រពន្ធគាត់ បានចូលទៅឃាត់ បែរជាជនសង្ស័យបម្រុងនឹងវាយប្រពន្ធគាត់ទៀត។
បន្ទាប់ពីកើតហេតុ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលចោមចៅទី៣។
ក្រោយមកសមត្ថកិច្ច បានកោះហៅភាគីទាំងពីរ មកសម្របសម្រួលគ្នា ដោយខាងជនរងគ្រោះ សុំទារថ្លៃព្យាបាលរបួសចំនួន៤៥០$ ដើម្បីបញ្ចប់រឿង មិនប្តឹងផ្តល់៕
មតិយោបល់