កណ្តាលៈ ករណីហិង្សាក្នុងគ្រួសារវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះកើតហេតុនៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោង ១ និង ២០នាទី ចំនុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។
ជនរងគ្រោះ ០១ នាក់ ឈ្មោះ យ៉េត ស្រ៊ិន ភេទស្រី អាយុ ២៣ ឆ្នាំ មានទីលំនៅ ភូមិ-ឃុំកើតហេតុ មុខរបរ បុគ្គលិកកាស៊ីណូក្រោន។
ជនសង្ស័យ ០១ នាក់ ឈ្មោះ យ៉េត សុខា ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិ-ឃុំកើតហេតុ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។
វត្ថុតាងចាប់យក ពូថៅផ្លែដែក ដងឈើ ចំនួន ០១។
សម្ភារៈខូចខាត: កញ្ចក់បង្អួច ចំនួន ០១ផ្ទាំងធំ និងកៅអីជ័រ ចំនួន ០១។
តាមប្រភពព័ត៌មាននៅពេលកន្លងមកជនសង្ស័យគឺជាមនុស្សញៀនថ្នាំ និងធ្លាប់បានប្រើប្រាស់ហិង្សា ជេរប្រមាថ វាយបំផ្លិចបំផ្លាញសម្ភារៈក្នុងផ្ទះ ជាញឹកញាប់មកហើយ និងកន្លងទៅថ្មីៗនេះថែមទាំងបានវាយឪពុកបង្កើតឈ្មោះ អ៊ុន យ៉េត បណ្ដាលអោយបែកក្បាលថែមទៀតផង ។
លុះនៅពេលកើតហេតុថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១និង២០នាទី ពេលនោះទាំងជនរងគ្រោះ និងជនសង្ស័យ ដែលជាបងប្អូនបង្កើតនិងគ្នា ព្រមជាមួយនិងឪពុក គឺកំពុងតែនៅក្នុងផ្ទះ ហើយឪពុកជនសង្ស័យបាននិយាយស្ដីប្រដៅទៅលើជនសង្ស័យជាកូន ដោយពុំទៅធ្វើការរកស៊ី គិតតែទៅសេពគ្រឿងញៀន ពេលនោះជនសង្ស័យខឹងឪពុកស្ដីអោយ ក៏បានទាក់ពាក្យសម្ដីគ្នាតែម្ដង។ ភ្លាមនោះជនសង្ស័យ បានទាញយកពូថៅទៅវាយបំផ្លាញកញ្ចក់បង្អួចផ្ទះ និងកៅអីជ័រ បណ្ដាលអោយបែកបាក់ខ្ទេចខ្ទីអស់ បន្ទាប់មកជនរងគ្រោះ យ៉េត ស្រ៊ិន ដែលនៅទីនោះបានមកប្ដឹងនគរបាលប៉ុស្តិ៍សំពៅពូន ។ ក្រោយពីបានទទួលបណ្ដឹងភ្លាម កម្លាំងប៉ុស្ដិ៍ បានសហការជាមួយកម្លាំងជំនាញស្រុក ចុះទៅដល់កន្លែងកើតហេតុភ្លាមៗ រួចបានឃាត់ខ្លួនជនសង្ស័យ យ៉េត សុខា ព្រមជាមួយវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
មតិយោបល់