ព័ត៌មានជាតិ

ករណីបុករះ ម៉ូតូសណ្តោងរ៉ឺម៉ក ពន្លះម៉ូតូ១គ្រឿង មិនទាន់អស់ល្បឿន បន្តទៅប៉ះរថយន្តចំនួន៣គ្រឿងទៀត របួសសន្លប់ស្ដូក ២នាក់

ភ្នំពេញៈ បុរស២នាក់ បានបើកបរម៉ូតូសណ្តោងរ៉ឺម៉ក១គ្រឿង បោះពួយយ៉ាងលឿន ជ្រុលទៅបុកម៉ូតូហុងដាឌ្រីម កំពុងបត់ត្រឡប់ក្រោយ រងការខូចខាត ដោយមិនទាន់អស់ល្បឿន បានខ្ទាតទៅបុករថយន្ត ដែលឈប់ចតស្ងៀមនៅចិញ្ចើមផ្លូវចំនួន៣គ្រឿង រងការខូចខាត។

ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចស្តុបខាងមុខកងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមបណ្តោយផ្លូវ២៨៩ កែងនិងផ្លូវ៥២៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ដំណើររឿង៖ នៅមុនកើតហេតុ គេឃើញបុរសម្នាក់ បើកបរម៉ូតូ១គ្រឿង ម៉ាក ZOOMER-X ពណ៌ទឹកក្រូចលាយស ពាក់ផ្លាកលេខ ភ្នំពេញ 1GM-1592 ធ្វើដំណើរពីជើងទៅត្បូងតាមបណ្តោយផ្លូវ២៨៩។ លុះមកដល់ចំណុចកើតហេតុ ម៉ូតូខាងលើ បានបត់ឆ្វេងបំណង់ត្រឡប់ ក្រោយវិញ ស្របគ្នានោះក៏មានម៉ូតូសណ្តោងរ៉ឺម៉ក១គ្រឿងទៀត ពាក់ផ្លាកលេខ ភ្នំពេញ 1AA-4112 បើកបរដោយបុរសពីរនាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ២៨៩ ក្នុងទិសដៅបញ្រ្ចាសគ្នា ជាមួយល្បឿយ៉ាងលឿន មិនប្រយ័ត្ន ក៏ជ្រុលទៅបុកម៉ូតូខាងលើពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសសន្លប់ស្ដូកស្ដឹង ចំណែកឯម៉ូតូ បានខ្ទាតទៅបុករបាំងថ្មពុះចែកទ្រូង រងការខូចខាតយ៉ាងដំណំ។

ដោយឡែកម៉ូតូសណ្តោងរ៉ឺម៉ក នៅមិនទាន់អស់ល្បឿនទេ បានជ្រុលចង្កូតទៅបុករះរថយន្ត ដែលឈប់ចតស្ងៀមលើចិញ្ចើមផ្លូវ នៅខាងមុខភោជនីយដ្ឋានម៉ាសស័រហ្គោលចំនួនបីគ្រឿង។

រថយន្តទី១ម៉ាក CHEVROLET ពណ៌ត្រីអ៊ី ពាក់ផ្លាកលេខ ខេមរភូមិន្ទ 012-6759 បានរងការខូចខាតបែកចង្កៀងស្តុប ខាងមុខចំហៀងខាងស្តាំ។
រថយន្តទី២ម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AP-2441 បានរងការខូចខាតក្រពឹតទ្វារមួយចំហៀង ផ្នែកខាងឆ្វេង។
រថយន្តទី៣ម៉ាកម៉ាស័រដា ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AR-8679 បានរងការខូចខាតក្រពឹត ផ្នែកខាងក្រោយ ចំហៀងខាងស្តាំ។

ចំណែកអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉ក រងរបួសសន្លប់ស្ដូកស្ដឹង ខណៈម៉ូតូសណ្តោងរ៉ឺម៉ក បានរងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ។
ភ្លាមៗនោះ ក៏មានរថយន្តសង្គ្រោះបន្ទាន់ បានមកធ្វើការដឹកជនរងគ្រោះទាំង២នាក់ យកទៅសង្រ្គោះផងដែរ។

យ៉ាងណាមិញ ដោយម្ចាស់រថយន្តម៉ាក CHEVROLET មិនចង់មានរឿងរ៉ាវវែងឆ្ងាយ ក៏យករថយន្តទៅជួសជុលដោយខ្លួនឯង ដោយមិនទាមទារសំណងអ្វីនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញ បានចុះមកធ្វើការវាស់វែង យកម៉ូតូនិងម៉ូតូសណ្តោងរ៉ឺម៉ក រួមទាំងរថយន្តទាំងពីរគ្រឿងទៀត ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើដោះស្រាយទៅតាមផ្លូវច្បាប់៕

មតិយោបល់