ភ្នំពេញៈ ចាត់ទុកជារឿងភ្ញាក់ផ្អើល ដែលផលិតករល្បីឈ្មោះគឺអ្នកស្រី ពាន់ ភួងបុប្ផា បានសម្រេចវិលមកកាន់វិថីជាអ្នកផលិតភាពយន្តវិញ បន្ទាប់ពីអ្នកស្រីឈប់សម្រាកផលិតកុនតាំងពីចប់កុងត្រាជាមួយ CTN កាលពីខែសីហា ឆ្នាំ២០១៤។ យ៉ាងណាមិញ អ្នកស្រីបញ្ជាក់ថានឹងទទួលផលិតភាពយន្តត្រឹមរយៈពេល៥ឆ្នាំប៉ុណ្ណោះ បន្ទាប់ពីនោះគឺនឹងទុកពេលសម្រាកជាថ្មី។
អ្នកស្រីបានថ្លែងក្នុងពិធីក្រុងពាលីថតរឿង «បណ្ដឹងស្រីទាំង៥» កាលពីថ្ងៃទី២០ មេសា ដែលទើបបញ្ចប់អម្បាញ់មិញថា អ្នកស្រីបានសម្រេចត្រលប់មកកាន់ការងារជាអ្នកផលិតកុនគឺដោយសារតែមើលឃើញវិស័យភាពយន្តនៅក្នុងប្រទេសកម្ពុជាកាន់តែមានការរីកចំរើន និងដោយសារតែក្នុងពេលឈប់សម្រាកអ្នកស្រី ក៏បាននិពន្ធស្នាដៃជាច្រើន ហើយស្ដាយស្នាដៃទាំងនោះប្រសិនបើមិនយកមកថត។
អ្នកស្រីថាអ្នកស្រី នឹងដាក់ផែនការរយៈពេល៥ឆ្នាំរាប់ចាប់ពីខែមេសា ក្នុងឆ្នាំ២០១៦នេះ ដោយគម្រោងមួយឆ្នាំ នឹងផលិតរឿងដុំ១ ឬ២រឿង និងរឿងភាគពីររឿង អាស្រ័យទៅតាមស្ថានភាពជាក់ស្ដែង។
យ៉ាងណាមិញ ខ្សែរឿងដែលអ្នកស្រីចេញថតលើកដំបូងក្រោយពីបានលាឈប់អស់មួយសន្លប់ធំនេះ មិនស្ថិតនៅក្នុងផលិតកម្មរបស់អ្នកស្រីដូចកាលពីមុននោះទេ គឺស្ថិតនៅក្នុងលក្ខណ្ឌសហការជាមួយផលិតមហាហង្សដែលជាដៃគូវិញម្ដង។
អ្នកស្រីមានប្រសាសន៍ថា «ដោយសារតែខ្ញុំឈប់យូរ ក្រុមការងារផលិតកម្មចាស់ៗរបស់ខ្ញុំក៏បែកខ្ញែកអស់ អញ្ចឹងបើខ្ញុំរៀបចំផលិតកម្មឡើងវិញ គឺវាវែងឆ្ងាយណាស់ អញ្ចឹងហើយទើបខ្ញុំសម្រេចចិត្តធ្វើរឿងជាមួយផលិតកម្មមហាហង្ស ក្នុងភាគហ៊ុនហាសិបហាសិបជាជំនួសវិញ!»។
អ្នកស្រីរំពឹងយ៉ាងខ្លាំងថារឿងដែលក្រុងពាលីចេញថតបើកឆាកនៅថ្ងៃទី២០ មេសានេះ នឹងទទួលបានជោគជ័យដោយសារសម្អាងថាសាច់រឿងក៏ល្អ តួសម្ដែងក៏ប្រមូលផ្ដុំដោយអ្នកខ្លាំងក្នុងពិភពសិល្បៈ និងការទទួលស្គាល់ចំពោះស្នាដៃរបស់ខ្លួន ក៏មាននៅក្នុងផ្នត់គំនិតអ្នកគាំទ្រភាគច្រើនរួចទៅហើយ។
អ្នកស្រីពាន់ ភួងបុប្ផា បន្តថា ខ្សែរឿង «បណ្ដឹងស្រីទាំង៥» នេះ ជារឿងប្រភេទស៊ើបអង្កេត តែកំប្លែង និងមានចំណុចអប់រំខ្ពស់ ហើយបើនិយាយពីការចំណាយបើទោះជាមិនដល់ខ្ទង់សែនដុល្លារ ក៏មិនតិចជាង១០ម៉ឺនដុល្លារដាច់ឆ្ងាយដែរ។
អ្នកស្រីថាខ្លឹមសាច់សំខាន់នៅក្នុងរឿងនេះ គឺនិយាយពីការបាត់បង់ជីវិតរបស់នារីស្អាតៗ៥រូប ហើយត្រូវបានព្រលឹងរបស់នាងមកទាមទាររកយុត្តិធម៌ ដែលចាំបាច់ផ្នែកច្បាប់ត្រូវតែធ្វើការស៊ើបអង្កេត រកឲ្យឃើញពីមូលហេតុដែលបណ្ដាលឲ្យនាងត្រូវស្លាប់ដោយអាថ៌កំបាំងម្ដងមួយៗ។
អ្នកស្រីថារឿងនេះនឹងបញ្ចប់ថត ហើយដាក់បញ្ចាំងតាមរោងភាពយន្តនៅអំឡុងចុងឆ្នាំ២០១៦នេះ ដោយមិនទាន់ប្រាកដថានឹងអាចដំណើរការដាក់បញ្ចាំងនៅក្នុងពេលណា ដោយសារតែភាពជាក់ស្ដែងគឺត្រូវចាំរោងភាពយន្តទំនេរមួយតង់ទៀត។ អ្នកស្រីថាតួអង្គសំខាន់ៗនៅក្នុងរឿងនេះ មានចំនួនប្រមាណ៤០នាក់ ដោយតួអង្គឯករួមមានលោក យ៉ែម សំអូន កញ្ញាមាន សូនីតា អ្នកនាងសុខ សោម៉ាវត្តី កញ្ញាទឹម រដ្ឋា កញ្ញាសូដា នីតា អ្នកនាងព្រីម មន្ថា កញ្ញា នី មុន្នីនាថ កញ្ញាគៀត សុវណ្ណាឡាង កញ្ញានេត សុចរិយា លោកអ៊ឹង រដ្ឋាហៅទុយ លោកនេន ទុំ ឌីជេកណ្ដុរ និងលោកភឹម តារាវិបុលជាដើម។
ខាងក្រោមនេះជាទិដ្ឋភាពក្រុងពាលីចេញថតរឿងថ្មីរបស់អ្នកស្រីពាន់ ភួងបុប្ផា ក្រោយពីបានបោះបង់អាជីពផលិតកុនអស់រយៈពេលប្រមាណជិត២ឆ្នាំ កាលពីថ្ងៃទី២០ មេសា នៅជិតវត្តព្រែកឯង៖
មតិយោបល់