ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ ស្រាវជ្រាវឃាត់ខ្លួន ករណីប្រព្រឹត្តអំពើ ហិង្សាដោយចេតនា ជេរប្រមាថ និងគំរាមថាសម្លាប់ (ថតជាវីដេអូ និសារសម្លេងផ្ញើតាម Messager Facebook)។ ការឃាត់ខ្លួនជនសង្ស័យខាងលើបានធ្វើឡើងកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១១និង៥០នាទី ស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះចំនួន ០៣នាក់៖
១-ឈ្មោះ វង្ស ស្រីឡែន ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរជាអ្នកគ្រប់គ្រងអង្គការ Living Field ស្នាក់នៅភូមិលេខ១០ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
២-ឈ្មោះ SEVIL OGUZ ភេទស្រី អាយុ ៤១ឆ្នាំ មុខរបរប្រធានអង្គការ living field ស្នាក់នៅផ្ទះលេខ12D ផ្លូវលេខ308 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជនជាតិទួរគី។
៣-ឈ្មោះ វឿន សំណាង ភេទស្រី អាយុ ០៦ឆ្នាំ (ត្រូវជាកូនស្រីបង្កើតរបស់ជនសង្ស័យ)។
ជនសង្ស័យឈ្មោះ សេង វឿន ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
វត្ថុតាង៖ ឃ្លីបវីដេអូសកម្មភាពរបស់ជនសង្ស័យ។
ដំណើររឿង៖ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១និង៥៨នាទី ជនរងគ្រោះឈ្មោះ SEVIL OGUZ ភេទស្រី អាយុ ៤១ឆ្នាំ ជាប្រធានអង្គការ Living Fields កំពុងតែនៅផ្ទះលេខ១២D ផ្លូវលេខ៣០៨ សង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ស្រាប់តែជនសង្ស័យ បានប្រើគណនី Facebook ឈ្មោះ ឡុង ស្នា ផ្ញើសារវីដេអូ និងសារសម្លេង សកម្មភាពរបស់គាត់ (សេង សាវឿន) ប្រើហិង្សាលើក្មេងស្រីឈ្មោះ វឿន សំណាង ហើយសារនោះនិយាយជាភាសាខ្មែរ តែជនរងគ្រោះឈ្មោះ SEVIL OGUZ ស្តាប់ពុំយល់ ដោយសារគាត់ ពុំចេះភាសាខ្មែរ រួចក៏បានផ្ញើសារទាំងនោះទៅឲ្យជនរងគ្រោះ ឈ្មោះ វង្ស ស្រីឡែន ភេទស្រី អាយុ ២៩ឆ្នាំ ដើម្បីបកប្រែឲ្យស្តាប់។ បន្ទាប់ពីជនរងគ្រោះឈ្មោះ វង្ស ស្រីឡែន បានមើលវីដេអូ និងស្តាប់សារសម្លេង ឃើញថា ជនសង្ស័យបានទះកំផ្លៀង និងវ៉ៃក្បាល ក្មេងស្រីរងគ្រោះឈ្មោះ វឿន សំណាង ជាច្រើនដៃ រួចជេរប្រមាថជនរងគ្រោះឈ្មោះ SEVIL OGUZ និងជនរងគ្រោះឈ្មោះ វង្ស ស្រីឡែន ថាមីចោរអាយះឆ្លិញ កុំមើលងាយអញពេក ង៉ែងកុំយកអ្នកបកប្រែក មកមើលងាយអញ ង៉ែងទៅជួយក្តួយម៉ែង៉ែង ជួយជាតិង៉ែងទៅ មិនបាច់ជួយអញទេ ទៅជួយក្តួយម៉ែជីដូនជីតាម៉ែអាណាក៏ដោយ ឈប់រវីរវល់ជាមួយគ្រួសារអញទៀត និងផ្ញើសារជាសម្លេងទៀតថា ផ្ញើជូនអ្នកបកប្រែង៉ែងផង កុំពុករលួយខ្លាំងពេក ឲ្យធ្វើម៉ាគ្រប់ចប់ហ្នឹង ប្រញាប់ងាប់ស្អែក ខាន់ស្អែកមែន ផ្ទេរទ្រព្យសម្បត្តិឲ្យកូនអញចឹង ហើយង៉ែងយកអ្នកបកប្រែមកពីណា អ្នកបកប្រែង៉ែងបន់ឲ្យង៉ែងងាប់ចឹងហ្មង ម៉េច! គិតថា កូនអញទៅហ្នឹង អញប្រមូលទ្រព្យសម្បត្តិពីង៉ែងមែន? និងសារជេរប្រមាថគំរាម សម្លាប់ជនរងគ្រោះឈ្មោះ SEVIL OGUZ និងឈ្មោះ វង្ស ស្រីឡែន ថែមទៀតថា មីបកហ្នឹងប្រយ័ត្នរលួយ ស៊ីទាំងខ្លួន ហើយនូវពាក្យសំដីអសុរសជាច្រើនទៀត ទើបជនរងគ្រោះឈ្មោះ SEVIL OGUZ និងឈ្មោះ វង្ស ស្រីឡែន មករាយការណ៍ និងដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យយកមកសាកសួរតាមនីតិវីធីច្បាប់តែម្តង។
ក្រោយពីសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) ពិតជាបានប្រើអំពើហិង្សាទៅលើកូនស្រីឈ្មោះ វឿន សំណាង អាយុ០៦ឆ្នាំ និងជេរប្រមាថជនរងគ្រោះទាំង០២នាក់ខាងលើ ហើយថតជាវីដេអូ និងសារសម្លេងផ្ញើទៅឲ្យជនរងគ្រោះឈ្មោះ SEVIL OGUZ ប្រាកដមែន ដោយសារ រូបគេ (ជនសង្ស័យ) ខឹងជនរងគ្រោះឈ្មោះ វង្ស ស្រីឡែន ដែលជាអ្នកគ្រប់គ្រងអង្គការ Living Fields បានប្រើរូបគេ (ជនសង្ស័យ) ទៅធ្វើលិខិតផ្លាស់ប្តូរទីលំនៅពីភូមិកណ្តាល ឃុំសណ្តារ ស្រុកលើកដែក ខេត្តកណ្តាល មករស់នៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ វិញម្តង។ ប៉ុន្តែជនរងគ្រោះឈ្មោះ វង្ស ស្រីឡែន មិនបានប្រាប់រូបគេ (ជនសង្ស័យ) ឲ្យបានដឹងជាមុន ហើយមិនបានផ្ញើលុយឲ្យរូបគេ (ជនសង្ស័យ) សម្រាប់យកទៅចែកចាយឲ្យបងប្អូនម៉ែឪនៅ ស្រុកកំណើត ឲ្យតែលុយសម្រាប់ធ្វើសោហ៊ុយទៅមក និងចំណាយទៅលើឯកសារផ្សេងៗ ទើបរូបគេ (ជនសង្ស័យ) ខឹង ក៏បានឲ្យអង្គការផ្ញើកូនស្រីឈ្មោះ វឿន សំណាង មករូបគេវិញ ហើយអង្គការក៏បានយកកូនស្រីឈ្មោះ វឿន សំណាង យកមកប្រគល់ឲ្យរូបគេ (ជនសង្ស័យ) តាមការទាមទារ ហើយរូបគេ(ជនសង្ស័យ) ក៏បានធ្វើសកម្មភាពវ៉ៃកូនស្រីឈ្មោះ វឿន សំណាង អាយុ០៦ឆ្នាំ និងជេរប្រមាថជនរងគ្រោះទាំង០២នាក់ខាងលើហើយថតជាវីដេអូ និងសារសម្លេងផ្ញើទៅឱ្យជនរងគ្រោះឈ្មោះ SEVIL OGUZ តែម្តង។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕
មតិយោបល់