កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្ដាញសង្គម បានឲ្យដឹងថា យុវជនម្នាក់ តខ្សែភ្លើងចេញពីផ្ទះ ដើម្បីឆក់ត្រីនៅក្នុងទឹកខាងជើងផ្ទះ មិនប្រយ័ត្នក៏ចរន្តអគ្គិសនីឆក់ខ្លួនឯងស្លាប់ យ៉ាងអណោចអធ័ម ។
ករណីនេះ បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង ៦និង៣៥នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅភូមិទួលស្រម៉ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
មន្ត្រីនគរបាលផ្នែកកោសល្យវិច័យស្រុកអង្គស្នួល បានឲ្យដឹងថា យុវជនរងគ្រោះឈ្មោះ ភ័ណ្ឌ សុភុត ភេទប្រុស អាយុ២០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរបើកបររថយន្ត មានទីលំនៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
ប្រភពដដែលបន្តថា តាមការសួរបំភ្លឺរបស់ម្តាយជនរងគ្រោះឈ្មោះ សោម សំអឿន អាយុ៥៤ឆ្នាំ បានប្រាប់ឲ្យដឹងថា កាលពីម្សិលមិញ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង៨និង៣០នាទី ជនរងគ្រោះជាកូន បានហូបបាយរួច ហើយក៏ចេញពីផ្ទះទៅបាត់ទៅ មិនដឹងទៅណាទេ រីឯខ្លួនជាម្ដាយ ចូលដេកបាត់ដែរ។ រហូតដល់ម៉ោងប្រហែល ១និង១០នាទី ឈានចូលថ្ងៃទី១៤ ខែឆ្នាំដដែល ខ្លួនជាម្ដាយ ក៏ងើបឡើងឃើញខ្សែភ្លើង ដោតជាប់នឹងឌុយដែលនៅជិតខ្លួននោះ ពេលនោះក៏នឹកឃើញថា ប្រហែលជាកូនដោតឆក់ត្រី ក៏ដកខ្សែភ្លើងចេញ ហើយដើរតាមខ្សែភ្លើងទៅមើល ស្រាប់តែឃើញកូនខ្លួនដួល នៅក្នុងទឹកស្រែនោះ ក៏លើកឡើង ទាំងអត់ដឹងខ្លួនសោះ ទើបស្រែក ហៅបងប្អូនឲ្យមកជួយលើកឡើងមកផ្ទះ ធ្វើចលនានៅតែអត់ដឹងខ្លួនទេ រួចរាយការណ៍ទៅប៉ុស្តិ៍រដ្ឋបាលពើក ដើម្បីធ្វើការពិនិត្យ ។
ក្រោយមកសមត្ថកិច្ចប៉ុស្តិ៍ រាយការណ៍បន្តទៅផ្នែកពិនិត្យ វិភាគកន្លែងកើតហេតុស្រុកអង្គស្នួល បានចុះមកដល់កន្លែងកើតហេតុ បានធ្វើការពិនិត្យ ឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆ្លងចរន្តអគ្គិសនីឆក់ប្រាកដមែន ។ សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ ជូនក្រុមគ្រួសារជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់