បន្ទាយមានជ័យៈ មនុស្ស៣នាក់ បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឲ្យរន្ធត់មួយបានកើតឡើង នៅវេលាម៉ោង១និង៥០នាទីយប់ ឈានចូលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ប្រភពព័ត៌មានពីនគរបាលចរាចរណ៍ បានឲ្យដឹងថា ដំបូងមានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ស៊េរី២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1T-7414 បើកបរដោយឈ្មោះ សម្បត្តិ វិនថាដា ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិព្រៃទទឹង ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងអ្នករួមដំណើរចំនួន ២នាក់ទៀតឈ្មោះ ស៊ូ ថានុន ភេទប្រុស អាយុ ២២ឆ្នាំ និងឈ្មោះ សាយ សុភី ភេទប្រុស អាយុ២៤ឆ្នាំ ទាំង២នាក់នៅភូមិព្រៃទទឹង ឃុំភ្នំតូច ស្រុកមង្គលបូរីជាមួយគ្នា បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុ មានរថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ បន្ទាយមានជ័យ 3A-1542 ដឹកត្រី អ្នកបើកបរដោយឈ្មោះ ជួប ធូ ភេទប្រុស អាយុ ៥០ឆ្នាំ នៅភូមិព្រៃប្ញស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរច្រាសទិសគ្នា ពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុបានបុកម៉ូតូពេញទំហឹង បណ្តាលអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរបាត់បង់ជីវិតទាំង ៣នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រួចហើយរថយន្តបានបន្តទៅបុកបង្គោលភ្លើងបាក់អស់១ដើម។
ប្រភពដដែលបានបញ្ជាក់ថា ក្រោយពីមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ អ្នកបើកបររថយន្តមិនបានរត់គេចខ្លួនទេ គឺនៅនឹងកន្លែងកើតហេតុ បើតាមការរៀបរាប់ពីអ្នកបើកបររថយន្ត បានប្រាប់សមត្ថកិច្ចថា ដំបូងអ្នកបើកបរម៉ូតូបានធ្វើដំណើរមកពីទិសខាងជើងទៅត្បូង ចូលមកគន្លងផ្លូវរថយន្តខាងឆ្វេងដៃរបស់ខ្លួន មានល្បឿនលឿនដោយគេមិនអាចគេចបាន ស្របពេលនោះម៉ូតូបានមកបុករថយន្ត របស់គេចំពីមុខពេញ រថយន្តគេក៏រេចង្កូតទៅបុកនឹងបង្គោលភ្លើងតែម្តង ហើយគេក៏មិនរត់ទៅណាដែរ។
នគរបាលបានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ទាំង ៣នាក់ ត្រូវបានកម្លាំងនគរបាលជំនាញចរាចរណ៍ បានដឹកយកទៅប្រគល់ជូន ក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ក្រោយពីធ្វើការត្រួតពិនិត្យរួច ចំណែកអ្នកបើកបររថយន្ត កំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំពោះវត្ថុតាងម៉ូតូ និងរថយន្តរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕
មតិយោបល់