ព័ត៌មានជាតិ

ដោយសារមុតអំបែងពាង ដែលខ្លួនវាយកម្ទេច បុរសម្នាក់ដេកស្លាប់លើគ្រែ ហូរឈាមខ្សោះអស់ពីខ្លួន

កណ្ដាលៈ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១០និង៣០នាទី នគរបាលផ្នែកកោសល្យវិច័យស្រុកលើកដែក សហការជាមួយនគរបាលប៉ុស្ដិ៍រដ្ឋបាលកំពង់ភ្នំ ចុះពិនិត្យសាកសពបុរសម្នាក់ ក្រោយពីទទួលបានព័ត៌មានថា មានករណីប្រទះឃើញមនុស្សស្លាប់ ត្រង់ចំណុច ភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ គង់ ឆាត ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ។

ដំណើររឿង៖ តាមការបំភ្លឺរបស់ឪពុកម្ដាយជនរងគ្រោះបានឲ្យដឹងថា កន្លងមក ជនរងគ្រោះធ្លាប់ព្យាយាមចងក.ធ្វើអត្ដឃាត ២ដងរួចមកហើយ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋជិតខាងឃើញទាន់ជួយទាន់ពេល ។ លុះមកដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោងប្រមាណ៣ ជនរងគ្រោះបានផឹកស្រាស្រវឹងជោគជាំ ហើយបានស្រែកឡូរឡាររករឿងឪពុកម្ដាយ និងយកដំបងឫស្សីមកវាយបំផ្លិចបំផ្លាញសម្ភារៈក្នុងផ្ទះដូចជា៖ ពាងទឹក ,ចាន និងកាធុន បណ្តាលឲ្យបែកខ្ទេចខ្ទី ហើយក៏ស្ងាត់ទៅវិញ ។ លុះមកដល់ថ្ងៃទី១៤ ខែឆ្នាំដដែល វេលាម៉ោង ១០និង៣០នាទី ស្រាប់តែមានប្រជាពលរដ្ឋប្រទះឃើញជនរងគ្រោះដេកស្លាប់នៅលើគ្រែដោយមានហូរឈាម ភ្លាមនោះក៏រាយការណ៍ជូននគរបាលប៉ុស្ដិ៍រដ្ឋបាលកំពង់ភ្នំដើម្បីធ្វើការពិនិត្យ ។

ក្រោយពីកម្លាំងនគរបាលប៉ុស្ដិ៍ទទួលបានព័ត៌មានពីប្រជាពលរដ្ឋនូវករណីខាងលើនេះ ភ្លាមនោះក៏រាយការណ៍បន្ដទៅនគរបាលជំនាញស្រុក ចុះមកធ្វើការពិនិត្យសាកសពឃើញថា ជនរងគ្រោះដេកស្លាប់នៅលើគ្រែ និងមានឈាមហូរឡើងកកនៅក្រោមជើង ដោយសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារស្រវឹងជោគជាំ និងដាច់រយះដោយសារអំបែងពាងហូរឈាមខ្សោះអស់ពីខ្លួនរហូតដល់ស្លាប់ ពុំមានជាប់ពាក់ព័ន្ធទៅនឹងបទល្មើសអ្វីផ្សេងទេ ។ ក្រោយពេលពិនិត្យរួច សមត្ថកិច្ចជំនាញបានប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់