បាត់ដំបងៈ ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពីលោក អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោក ជេត វណ្ណនី ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលទៅលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១២និង០០នាទី លោកវរសេនីយ៍ទោ ឈឿង គឹមសុង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានដឹកនាំកម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះបង្ក្រាបករណី អំពើលួចមានស្ថានទម្ងន់ទោស (កាច់សោកយកម៉ូតូ) ធ្វើការនាំខ្លួនជនសង្ស័យចំនួន ២នាក់ ។
ជនសង្ស័យឈ្មោះ ជា ឆេង ភេទប្រុស អាយុ ២៤ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិរំចេក៣ សង្កាត់រតនៈ ក្រុង/ខេត្តបាត់ដំបង ( ជាអ្នកធ្វើសកម្មភាពកាច់សោយកម៉ូតូ) ។
ជនសង្ស័យឈ្មោះ ហេង សន្ថា ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុង/ខេត្តបាត់ដំបង(ជាអ្នកទទួលផល)។
វត្ថុតាងដកហូតរួមមាន៖
– ម៉ូតូចំនួន ២គ្រឿងម៉ាក Zoomer X ដែលជនសង្ស័យធ្វើសកម្មភាពបាន
– សោរាងអក្សរតេ សម្រាប់ធ្វើសកម្មភាពកាច់សោចំនួន ១
– តួណឺវីសចំនួន ១
– កូនសោរសម្រាប់ដោះផ្លាកលេខចំនួន ១
– វីស សម្រាប់ចាប់ស្លាកលេខម៉ូតូចំនួន ៤គ្រាប់
– ខ្ចៅសម្រាប់មួយស្លាកលេខចំនួន ៣គ្រាប់
– ខោជើងវែងពណ៌ខ្មៅចំនួនមួយ ដែលជនសង្ស័យស្លៀកធ្វើសកម្មភាពកាច់សោម៉ូតូ ។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ជា ឆេង បានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថា
ខ្លួននបានធ្វើសកម្មភាពកាច់សោកយកម៉ូតូជាមួយបក្ខពួកម្នាក់ទៀតឈ្មោះ ទុំ ចំនួន ៦លើក នៅក្នុងក្រុងបាត់ដំបង ។
លើកចុងក្រោយ នៅក្នុងខែមករា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ៩និង០០នាទី ខ្លួនបានធ្វើសកម្មភាពកាច់សោកយកម៉ូតូនៅចំណុចក្នុង ខារ៉ាអូខេព្រីនសេស បានម៉ូតូមួយគ្រឿងម៉ាក zoomer x ពណ៌ក្រហមស ស៊េរីឆ្នាំ២០១៨ ដែលជារបស់ជនរងគ្រោះឈ្មោះ វ៉ន ចាន់ ភេទស្រី អាយុ ២៦ឆ្នាំ មានទីលំនៅផ្ទះជួលស្ថិតក្នុងភូមិរំចេក៣ សង្កាត់រតនៈ ក្រុង/ខេត្តបាត់ដំបង។
ក្រោយមកបានលក់ឲ្យទៅម្ចាស់ផ្ទះជួលដែលខ្លួនបានជួលបន្ទប់ស្នាក់នៅ និងមួយលើកទៀត នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោងប្រហែល ១២និង៣០នាទី ខ្លួនបានធ្វើសកម្មភាពកាច់សោកយកម៉ូតូនៅក្នុងសាលារៀនឌូវី ស្ថិតនៅក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុង/ខេត្តបាត់ដំបង បានម៉ូតូមួយគ្រឿងម៉ាក zoomer x ពណ៌ស្វាយ ស ឆ្នាំ២០១៨ ដែលជារបស់ជនរងគ្រោះ ឈ្មោះ លុន សុខលីន ភេទស្រី អាយុ ២៨ឆ្នាំ មានទីលំនៅភូមិក្តុល សង្កាត់ដូនទាវ ក្រុង/ខេត្តបាត់ដំបង ។
បច្ចុប្បន្នការិយាល័យជំនាញ កំពុងតែធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ៕
មតិយោបល់