កណ្ដាលៈ កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ បុរសចំណាស់ម្នាក់ បើកម៉ូតូមិនប្រកាន់ស្ដាំ ត្រូវរថយន្តមួយគ្រឿងបើកបុកពេញមួយទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៩-២០ ស្ថិតក្នុងភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ យា យន ភេទប្រុស អាយុ ៦៣ឆ្នាំ មានទីលំនៅភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល បើកបរម៉ូតូម៉ាកHONDA DREAM ធុC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1J-3513 ។
រថយន្តម៉ាក TOYOTA PRIUS ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BC-7956 បើកបរដោយឈ្មោះ ឃៀង លីហេង ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិស្រះកែវ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ដំណើររឿង៖ នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ៥ ដោយបើកបរពីលិចមិនប្រកាន់ស្តាំ ហើយឆ្លងប្តូរគន្លងផ្លូវពីលិចទៅកើត ស្របពេលនោះក៏មានរថយន្តមួយគ្រឿងម៉ាក TOYOTA PRIUS បើកបរមានទិសដៅពីជើងទៅត្បូង (ឧដុង្គ-ភ្នំពេញ) បានបុកម៉ូតូពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ។
ក្រោយពេលកើតហេតុ អ្នករងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូទៅកាន់មន្ទីរពេទ្យរាជធានីភ្នំពេញ ចំពោះវត្ថុតាងទាំង ២គ្រឿង ត្រូវបានកំម្លាំងផ្នែកជំនាញ យកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីតាមច្បាប់៕
មតិយោបល់