ភ្នំពេញៈ នៅវេលាម៉ោង ៩ និង៤៥នាទីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីប្រជាពលរដ្ឋ ប្រទះឃើញស្ត្រីម្នាក់ ដេកស្លាប់នៅក្នុងស្រែ ក្បែរព្រៃមួយកន្លែង ស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពរងគ្រោះឈ្មោះ ឈន់ ឌី ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅ ភូមិជាខ្លាង ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង មានកូនប្រុសអាយុ ៥ឆ្នាំម្នាក់។
តាមការបញ្ជាក់ពីប្តីរបស់ជនរងគ្រោះឈ្មោះ អន ថុន ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅជាមួយគ្នា បានឲ្យដឹងថា ប្រពន្ធរបស់ខ្លួន (សព) ធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ និងមានជំងឺសរសៃប្រសាទប្រចាំកាយ កន្លងមកខាងក្រុមគ្រួសារ ក៏ធ្លាប់ធ្វើការឃុំខ្លួនទុកក្នុងផ្ទះ ដោយមិនឲ្យដើរទៅណាឡើយ ព្រោះខ្លាចបាត់ពីផ្ទះ។ លុះក្រោយមកទៀត ក៏មានកម្មវិធីបុណ្យនៅជិតផ្ទះ ទើបក្រុមគ្រួសារ បានអ្នកផ្ទះអនុញ្ញាតឲ្យជនរងគ្រោះ ទៅចូលរួមកម្មវិធីបុណ្យ ស្រាប់តែគាត់ បានលួចជិះឡានមកភ្នំពេញបាត់។
ប្រភពដដែលបន្តថា ពេលនោះ គាត់ជាប្ដី និងក្រុមគ្រួសារ ព្យាយាមដើរស្វែងរក តែមិនឃើញអស់រយៈពេលជាច្រើនខែទៅហើយ ទើបនៅថ្ងៃកើតហេតុនេះ ក៏ទទួលដំណឹងថា ប្រពន្ធគាត់បានស្លាប់បាត់ទៅហើយ។
តាមការធ្វើកោល្យវិច័យរបស់ លោកឧកញ្ញាវេជ្ជៈបណ្ឌិត នង សុវណ្ណរ័ត្ន បញ្ជាក់ថា សពគឺស្លាប់ដោយសារ ការអត់អាហាររយៈពេលយូរ (មានជំងឺសរសៃប្រាសាទ) មិនជាប់ពាក់ព័ន្ធករណីឃាតកម្មឡើយ។
បច្ចុប្បន្នសព ក្រោយធ្វើកំណត់ហេតុរួច សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់